ខេត្តកំពង់ធំ៖ បុរសម្នាក់បានបើកបរដោយស្ថានភាពងងុយដេកក៏រ៉េចង្កូតធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យបុរសម្នាក់ជាតៃកុង របួសស្រាល ចំណែកស្រ្ដីអ្នករួមដំណើរម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១២នាទីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ត្រង់ចំណុចភូមិក្រសាំង (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តនោះម៉ាកTOYOTA TAKOMA ពាក់ស្លាក់លេខ ភ្នំពេញ 2N-3645 ធ្វើដំណើរពីលិចទៅកើតដើម្បីយកបន្លែទៅលក់នៅផ្សារកំពង់ធំមកដល់ចំណុចកើតហេតុក៏បើកធ្លាក់ថ្នល់លឺសំលេងប្រាវ ធ្វើឲ្យផ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋក៏នាំគ្នាមកមើលឃើញបុរសអ្នកបើកបររងគ្រោះស្រាល និងស្រ្ដីចំណាស់ម្នាក់ទៀតរងរបួសធ្ងន់ធ្ងររហូតដាច់ខ្យល់ស្លាប់នៅនិងកន្លែងកើតហេតុ។
តាមប្រភពបន្ថែមថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះផាត់ផៃ អាយុ៥១ឆ្នាំរស់នៅភូមិឃុំខាងលើ ត្រូវជាម្ដាយបង្កើតអ្នកបើកបរ ចំណែកអ្នកបើកបរឈ្មោះ ធុលធឿន អាយុ២៦ឆ្នាំរស់នៅភូមិដង្កៀវ ឃុំចាន់សរ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងស្ទូចយករថយន្ដ រួចប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយជាបណ្ដោះអាសន្នរងចាំម្ចាស់មកទទួលយក៕
ដោយ៖ ប៊ុន រិទ្ធី