អន្តរជាតិ៖ នេះជាលើកដំបូងសម្រាប់សហរដ្ឋអាមេរិកទាំងមូលបានបញ្ចេញរបាយការណ៍រួម នៃចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ដែលមានរហូតដល់ទៅ ៩១,២៩៥ករណីឯណោះ ហើយវាជាអត្រាឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុត» មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើង នៅលើទឹកដីប្រទេសមហាអំណាចមួយនេះ, នេះបើគិតត្រឹមម៉ោង ៨និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។
បើតាមសារព័ត៍មាន CNA បានចេញផ្សានាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះថា បើតាមការអង្កេតមើលថ្មីៗនេះ សន្ទុះនៃការឆ្លងនៅសហរដ្ឋអាមេរិក បានងើបឡើងខ្លាំងតាំងតែពីចុងខែតុលាមកម្ល៉េះ។ ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះប្រធានបទ COVID-19 ក៏បាននិងកំពុងក្លាយជាអាវុធវាយប្រហារគ្នា កាន់ខ្លាំងឡើងៗផងដែររវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៩,២១២,០០០ករណី ក្នុងនោះស្លាប់ជាង ២៣៤,០០០នាក់ និងជាសះស្បើយវិញជិត ៦លាននាក់។
គួរបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 នៅទូទាំងពិភពលោកតែម្តង គឺសរុបមានជាង ៤៥.៣លានករណី ក្នុងនោះស្លាប់ជាង ១.១៨លាននាក់ និងជាសះស្បើយវិញជិត ៣៣លាននាក់៕ដោយ៖ស តារា