ចំណេះដឹងទូទៅ៖ អ្នកគួរស្វែងយល់ប្រុងប្រយ័ត្នចំពោះពស់ពិសចំនួន ១២ប្រភេទ និងត្រូវដឹងរបៀបសង្គ្រោះបឋម ខណៈមានទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ ជាទូទៅនៅពេលដែលមានទឹកជំនន់ ភាគច្រើនប្រជាពលរដ្ឋយើងតែងតែរងគ្រោះ​ថ្នាក់​ដោយសារ​សត្វពស់​ចឹក ​ហើយជាពិសេស​អ្នកដែលរស់នៅ​តំបន់​ស្រែ​ចម្ការ បានជួប​ប្រទះ​ជា​រឿយ​ៗ។ ដូច្នេះតើលោកអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វពស់ពិសចំនួន ១២ប្រភេទនិងត្រូវដឹងរបៀបសង្គ្រោះបឋម បើទោះបីជាលើកដំបូង​ត្រូវពស់ខាំ​របួស​តូច​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​អាច​បណ្ដាល​ជា​ជំងឺ​ធ្ងន់ធ្ងរ​ភ្លាម​ៗនិង​អាច​បណ្ដាល​ឲ្យ​ស្លាប់ក៏​មាន ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។

តោះ! អ្នកទាំងអស់គ្នាគួរតែស្វែងយល់ និងរបៀបជួយសង្គ្រោះបឋម ហើយបើចង់ដឹងច្បាស់ចូលអានព័ត៍មានលំអិតរបស់ខាង​មន្ទីរពេទ្យ​កាលម៉ែត​ បាន​​បង្ហាញ​ពី​ប្រភេទពស់ពិស និងរបៀប​ជួយ​សង្គ្រោះ​បឋម នៅ​ពេល​មាន​សត្វ​ពស់​ចឹក​ដូច​ខាងក្រោម៖

១– ប្រភេទ​ពស់​ពិស

ក្នុង​ចំណោម​ពស់​ប្រមាណ​ជិត ៦០ ប្រភេទ​ដែល​គេ​ស្គាល់​ក្នុង​ប្រទេស​កម្ពុជា ក្រុម​អ្នក​ជំនាញ​ខាង​សត្វ​ពស់​បាន​សម្គាល់​ឃើញ​ថា មាន​ពស់​ពិស ១២ ប្រភេទ ជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស។ ក្នុង​នោះ​ពស់ ៦ ប្រភេទ​បង្ក​គ្រោះថ្នាក់​ញឹកញាប់ ដោយសារ​វា​រស់នៅ​ជិត​ៗ​ភូមិឋាន​យើង​មាន៖

-ពស់វែក​ក្របី

-ពស់វែក​ដំបូក

-ពស់​ហនុមាន

-ពស់​ក្រាយ ឬ​ថ្នាំង​អំពៅ​ស​ខ្មៅ

-ពស់​បៃតង ២ ប្រភេទ​ទៀត

មាន ៥ ប្រភេទ​ទៀត​វា​ច្រើន​រស់​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ភូមិ៖

-ពស់​វែក​រនាម

-ពស់ពព្លាក់

-ពស់​ស្រកា​ចាស

-ពស់​ក្រាយ លឿង​ខ្មៅ

-ពស់​ក្រាយ​ក្បាល​ក្រហមពស់​ទី ១២ គឺ​ពស់​សមុទ្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​នេសាទ​សមុទ្រ។

២– ថ្នាំ​បន្សាបពិស

ថ្នាំ​បន្សាប​ពិស​ពស់​ជា​ថ្នាំ​ដែល​ធ្វើ​ចេញ​ពី​ឈាម​សត្វ​សេះ។ ប្រសិនបើ​ប្រើ​ត្រឹមត្រូវ​វា​មាន​ប្រសិទ្ធភាព​ណាស់ អាច​ជួយ​ជីវិត​មនុស្ស​បាន​ច្រើន ក៏​ប៉ុន្តែ​វា​ជា​ថ្នាំ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ ជាពិសេស​គឺ​ប្រតិកម្ម​ជាមួយ​សារធាតុ​ដែល​កើត​មាន​ក្នុង​ឈាម​សត្វ​សេះ។ បើ​គ្មាន​មធ្យោបាយ​ជួយ​សង្គ្រោះ​ត្រឹមត្រូវ​ទេ ប្រតិកម្ម​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ។

៣– ការ​ធ្វើ​រោគវិនិច្ឆ័យ

ថ្វី​បើ​ក្រោយ​ពេល​មាន​សត្វ​ខាំ ស្នាម​ចង្កូម ២ ភាគច្រើន​ជា​សញ្ញា​នៃ​ពស់​មាន​ពិស គ្រូពេទ្យ​មិន​អាច​វិនិច្ឆ័យ​ប្រភេទ​ពស់​បាន​ភ្លាម​ៗ​ទេ គឺ​ត្រូវការ​ពិនិត្យ​តាមដាន​រោគសញ្ញា​មួយ​ចំនួន​មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​បន្សាប​ពិស។ ដោយ​ហេតុ​នេះ គ្រូពេទ្យ​តែង​ចង់​ដឹង​ថា៖

តើ​សត្វ​ខាំ​នោះ​ជា​ពស់ ឬ​មិនមែន​ពស់?

បើ​ជា​ពស់ តើ​ពស់​មាន​ពិស ឬ​ពស់​គ្មាន​ពិស?

បើ​ជា​ពស់​មាន​ពិស តើ​ការ​ខាំ​នោះ​មាន​បញ្ចូល​ពិស​វា​ទៅ​ក្នុង​ខ្លួន​អ្នក​រងគ្រោះ ឬ​ទេ?

៤– រោគសញ្ញា និង​ការ​ព្យាបាល

ជា​ការ​ពិត​ថ្នាំ​បន្សាប​ពិស​ពស់​មាន​ប្រសិទ្ធភាព​តែ​ក្នុង​ករណី​មាន​ពិស​ពស់​ចូល​ក្នុង​ខ្លួន​មនុស្ស ហើយ​ពិស​នោះ​នៅ​មាន​សកម្មភាព មាន​សញ្ញា ឬ​អាការៈ​មួយ​ចំនួន​ដែល​គ្រូពេទ្យ​តាមដាន​ស្វែង​រក ហើយ​វត្តមាន​របស់​វា​តម្រូវ​ឲ្យ​​ប្រើ​ថ្នាំ​បន្សាប​ពិស​ភ្លាម ទោះ​ដឹង​ថា​វា​អាច​មាន​ប្រតិកម្ម​កើត​ឡើង​ក្ដី។ សញ្ញា​ទាំងនោះ​មាន​ដូចជា៖

ធ្លាក់​ត្របក​ភ្នែក​ដូច​ងងុយ​ដេករឹង​មុខមាត់​ពិបាក​និយាយ​ស្ដីទន់​កជើងដៃ​ចេះ​តែ​កន្ទ្រាក់​តិច​ៗ ពិបាក​ដក​ដង្ហើម​ជា​សញ្ញាចុងក្រោយ ដែល​ត្រូវ​ព្យាបាល​ជា​បន្ទាន់សញ្ញា​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រើ​ថ្នាំ​ជា​បន្ទាន់​ដែរ​មាន៖ កន្លែង​ដែល​ពស់​ខាំ រាលដាល (ឡើង​ហើម ក្រហម ) លឿន

មាន​ចេញ​ពង​ទឹក​ដូច​រលាកភ្លើង

មាន​ចេញ​ស្នាម​ជាំ​លើ​ខ្លួន

ដំបៅ​ហូរ​ឈាម​មិន​ឈប់

ឡេះឡះ និងគ្មាន​ទឹកនោម​ជាដើម សញ្ញា​ខាងលើ​នេះ​សុទ្ធតែ​ជា​សញ្ញា​នៃ​អាការៈ ដែល​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ក៏​ប៉ុន្តែ​ថ្នាំ​បន្សាប​ពិស​ប្រើ​ទាន់​ពេល​វេលា​អាច​ជួយ​ជីវិត​បាន។

ចំណុច​មួយ​ទៀត​ដែល​ជួយ​ជីវិត គឺ​វិធី​ដែល​អាច​ពន្យារពេល​កុំ​ឲ្យ​ពិស​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​រត់​លឿន​ពេក មាន​ន័យ​ថា​ក្រោយ​ពស់​ខាំ​ភ្លាមគប្បី​ទប់​អប​អវយវៈ​ដែល​រង​ការ​ខាំ​នោះ​កុំ​ឲ្យ​សាច់ដុំ​កន្ត្រាក់​ខ្លាំង។ ឧទាហរណ៍៖ ប្រសិនបើ​ជើង​ត្រូវ​ពស់​ខាំ ការ​ខំ​ប្រឹង​រត់ ឬ​ដើរ​នឹង​នាំ​ឲ្យ​ពិស​កាន់តែ​ឆាប់​ចូល​ដល់​ប្រព័ន្ធ​ឈាម​រត់ នឹង​ឆាប់​ចេញ​រោគ​សញ្ញា​នៃ​ពិស។ ក្នុង​ករណី​នេះ​គប្បី​រក​អ្នក​ជួយ​គ្រា ឬ​សែង​ទៅ​រក​កន្លែង​សង្គ្រោះ ឬ​មន្ទីរពេទ្យ។

ចំពោះ​វិធី​មួយ​ចំនួន​ដែល​ធ្លាប់​អនុវត្ត​ពី​មុន​មក ភាគច្រើន​ឲ្យ​គុណវិបត្តិ​ជាង​ឲ្យ​ផល​ប្រយោជន៍​ដូច​ជា៖

–ការ​ចង​រឹត​ពី​ខាង​លើ​របួស ភាគច្រើន​បណ្ដាល​ឲ្យ​ផ្នែក​ខាង​ក្រោម​ចំណង​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម និង​ត្រូវ​ស្លាប់ ដែល​ជា​រឿយ​ៗ​តម្រូវ​ឲ្យ​កាត់​ចោល ដើម្បី​សង្គ្រោះ​ជីវិត។

– ការ​វះ​បើក​មុខ​កន្លែង​ស្នាម​ខាំ​ក្នុង​បំណង​ឲ្យ​ពិស​ហូរ​ចេញ​វិញ ជួនកាល​បណ្ដាល​ឲ្យ​ហូរ​ឈាម​មិន​ឈប់ និង​បាត់បង់​ឈាម​ជា​ច្រើន រហូត​ដល់​សភាព​ស្ហុក។

– ការ​បឺត​ជញ្ជក់​កន្លែង​ខាំ​ក៏​មិន​អាច​បឺត​យក​ពិស​ចេញ​បាន​ដែរ។

– កន្លែង​មាន​របួស​ជាទី​ដែល​ប្រព័ន្ធ​ការពារ​លើ​ស្បែក​យើង​ត្រូវ​មាន​ចន្លោះ​ប្រហោង​អាច​ឲ្យ​មេរោគ​ផ្សេង​ៗ​ចូល​បាន​យ៉ាង​ងាយ ដូចនេះ​ការ​ដាក់​បំពោក​នូវ​វត្ថុ​ផ្សេង​ៗ ឬ​ថ្នាំ​ដែល​មិន​ស្អាត​អាច​បន្ថែម​មេរោគ​នឹង​ធ្វើឲ្យ​ដំបៅ​ក្លាយ។

៥– ចំណុច​គួរ​ចងចាំ និង​អនុវត្ត

– ថ្នាំ​ប្រឆាំង​ពិស​ពស់​ជា​ឱសថ​ដ៏​សំខាន់ តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន​ដែរ។

– ថ្នាំ​ពិស​ពស់ ១ ដប​អាច​ប្រើ​សម្រាប់​បន្សាប​ពិស​ក្រុម​ពស់​ណា ១ ដែល​កប​នឹង​ថ្នាំ​នោះ មិនមែន​ពស់​គ្រប់​ប្រភេទ​ទេ។

– ថ្នាំ​ពិស​ពស់​មាន​ផល​ប្រយោជន៍ និង​ប្រសិទ្ធិភាព​តែ​កាលណា​មាន​ពិស​ពស់​ក្នុង​ខ្លួន​ជន​រងគ្រោះ ជាពិសេស​ក្នុង​របត់​ឈាម។

– គ្រប់​ករណី​ពស់​ចឹក ឬ​សង្ស័យ​ថា​ពស់​ចឹក​មិន​សុទ្ធ​តែ​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បន្សាប​ពិស​ទេ។

– បើ​មាន​ពស់​ខាំ មុន​មក​ដល់​មន្ទីរពេទ្យ គប្បី​ទប់​អប​អវយវៈ​ដែល​រង​របួស​នោះ​កុំ​ឲ្យ​វា​មាន​ចលនា​ខ្លាំង។ មិន​ត្រូវ​ចង​រឹត​តឹង​ពី​ខាង​លើ ឬ​វះ​បង្ហូរ​ឈាម ឬ​បឺត​ឈាម​ទេ ព្រោះ​វា​នាំ​ឲ្យ​ខាត​ពេល និង​អាច​មាន​គ្រោះថ្នាក់។

– ប្រសិនបើ​ប្រាកដ​ជា​ពស់​ខាំ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ដែល​មាន ហើយ​អាច​ប្រើ​ថ្នាំ​បន្សាប​ពិស​ដោយ​សុវត្ថិភាព​បាន។

ក្នុង​ករណី​មាន​សញ្ញា​ពិស​ក្នុង​ខ្លួន​ជន​រងគ្រោះ ក្រុម​គ្រូពេទ្យ​នឹង​វិនិច្ឆ័យ​ប្រភេទ​ក្រុម​ពស់​ដែល​បង្ក​ហេតុ ដើម្បី​ត្រូវ​ប្រើ​ថ្នាំ​បន្សាប​ឲ្យ​ត្រូវ​នឹង​ក្រុម​ពស់។ ក្រោយ​កំណត់​បាន​ហើយ​ក្រុម​គ្រូពេទ្យ នឹង​រៀបចំ​ត្រៀម​មធ្យោបាយ​សម្រាប់​ព្យាបាល​ករណី​មាន​ប្រតិកម្ម​ជាយថាហេតុ និង​ប្រើប្រាស់​ថ្នាំ​បន្សាបពិស ដោយ​ចាក់​តាម​សរសៃ​វ៉ែន​ផ្ទាល់ ឬ​លាយ​ជាមួយ​សេរ៉ូម។

ជួនកាល​គ្រូពេទ្យ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ៗ​ទៀត​ដូចជា ម៉ាស៊ីន​ដកដង្ហើម​អុកស៊ីហ្សែន ថ្នាំ​ជំនួយ​បេះដូង ឬ​ការ​ប្រើ​ផលិតផល​ឈាមឬ​ការ​បង្គ្រប់​ជាតិ​ទឹក ជាដើម​រួម​ផ្សំ​ជាមួយ រហូត​ដល់​ថ្នាំ​ព្យាបាល​ពិស​មាន​ប្រសិទ្ធិភាព និង​ដើម្បី​ជួយ​ជីវិត​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ប្រភពពី Hello Krupet

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print