អ្នកអាចស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ ព្រោះគ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ ប៉ុន្តែអ្នកក្រអាចធ្វើជាមនុស្សល្អនឹងប្រើជីវិតឱ្យថ្លៃថ្នូរ

ចែករំលែក៖

ភ្នំពេញ៖ អាចនិយាយបានថា ព្រោះតែចំណារនៃព្រហ្មលិខិត ឬអាចជាកម្មពីអតីតជាតិ ទើបមានអ្នកខ្លះកើតមកជីវភាពលំបាកជាងគេដូច្នេះហើយមនុស្សយើងម្នាក់ៗ អាចស្អប់ភាពក្របាន តែកុំស្អប់អ្នកក្រ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទោះយើងមិនអាចជ្រើសកន្លែងកើតបាន តែយើងអាចជ្រើស របៀបនៃការរស់នៅឱ្យបានល្អ ទោះក្រ ក៏ត្រូវតែធ្វើជាមនុស្សល្អ ប្រើជីវិតឱ្យថ្លៃថ្នូរ។

មាន ឬក្រ មិនអាចបញ្ជាក់ពីតម្លៃនៃជីវិតរបស់បុគ្គលម្នាក់ៗបានទេ មានតែអត្តចរិត មារយាទ និងរបៀបនៃការរស់នៅ របត់នៃការប្រើជីវិតទេទើបអាចបញ្ជាក់ពីកម្រិតនៃសេចក្ដីថ្លៃថ្នូររបស់យើងបាន។ រៀនរស់នៅឱ្យបានល្អ ធ្វើជាមនុស្សថ្លៃថ្នូរ អត្តចរិត មារយាទសន្ដានល្អ ទោះយើងក្រ ក៏គ្មានអ្នកណាមកដៀលត្មេះមើលងាយ ឬជាន់យើងបាននោះឡើយ។

ដ្បិតជីវិតកើតមកក្រលំបាកជាងគេ ដូច្នេះត្រូវតែចេះប្រឹងប្រែងតស៊ូឱ្យខ្លាំងជាងគេ មិនអាចបណ្ដែតបណ្ដោយទៅតាមព្រេងវាសនាបានទេ ក៏រឹតតែមិនអាចអស់សង្ឃឹម ដេករំពឹងចាំសំណាង ឬទេវតាមកជួយបានឡើយ។ យើងត្រូវចេះប្រឹងប្រែងជម្នះដោយខ្លួនឯង តស៊ូដោយខ្លួនឯងខ្លួនត្រូវទីពឹងខ្លួន គ្មាននរណាម្នាក់ អាចមកជួយយើងបានច្រើនជាង យើងចេះជួយខ្លួនឯងនោះទេ ព្រោះអ្នកដទៃ គេក៏រវល់ជួយជីវិតគេដូចគ្នា។

ធ្វើជាមនុស្សត្រូវចេះតស៊ូ ចេះខិតខំប្រឹងប្រែង​ ទាល់តែយើងរឹងមាំដោយខ្លួនឯង ទើបអ្នកដទៃគេមកជួយយើងតាមក្រោយ តែបើយើងទន់ជ្រាយ កុំថាឡើយតែអ្នកដទៃ សូម្បីតែញាតិបងប្អូនយើង ក៏គេមិនមករវល់ជាមួយនឹងយើងដែរ កុំភ្លេចថា ពិភពលោកមួយនេះ មិនមានកន្លែងឈរសម្រាប់មនុស្សទន់ជ្រាយឡើយ ហើយក៏រឹតតែមិនស្វាគមន៍ មនុស្សដែលខ្ជិលច្រអូស អស់សង្ឃឹម និងមិនព្រមតស៊ូជម្នះលើព្រេងវាសនា៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print