ខេត្តបាត់ដំបងៈ មានអំពើហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បង្កឡើងដោយជនសង្យ័យមានគ្នាយ៉ាងតិច៣នាក់ ក្នុងនោះបានវ៉ៃនិងបាញ៉គំរាមចំនួន៣គ្រាប់ទៅលើជនរងគ្រោះដោយសារទាស់សំដីគ្នាក្នុងវង់ផឹកស៊ី អបអរសាទរ១៤កុម្ភៈ ទិវានៃក្ដីស្រឡាញ់។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កន្លងទៅជនសង្ស័យនិងជនរងគ្រោះ ធ្លាប់មានការប៉ះពាក្យសម្ដីគ្នាម្ដងរួចមកហើយពេលផឹកស៊ី ដល់ថ្ងៃកើតហេតុខាងលើក៏មានការប៉ះសម្តីជាលើកទី២ ក្លាយជាអំពើហិង្សានិងបាញ់គំរាមភ្ជុចដីចំនួន២គ្រាប់ និងបាញ់គំរាមចំប្រឡោះជើង១គ្រាប់ព្រមទាំងវ៉ៃក្រោយមកពួកគេបានគេចខ្លួនដោយសុវត្តិភាព។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៣នាក់ស្គាល់អត្តសញ្ញាណអស់ហើយ ទី១-ឈ្មោះ ម៉ៅ ទី២-ឈ្មោះ ព្រឿង និងទី៣-ឈ្មោះ ពេទ្យ ពួកគេទាំងអស់គ្នាជាមន្ត្រីយោធានៅអង្គភាពអភិវឌ្ឍន៍នៃយោធភូមិភាគទី៥។
ដោយឡែកជនរងគ្រោះមានឈ្មោះ ឈួន ដែន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ-ឃុំកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចកងរាជអាវុធហត្ថកោះក្រឡ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុប៉ុន្តែដោយមានការភ្ញាក់ផ្អើលនិងឆោឡោពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបជនសង្យ័យទាំង៣នាក់បានគេចខ្លួន៕
ដោយ៖ សុខ ខេមរា