អន្តរជាតិ៖ ក្រុមហ៊ុន Apple ព្រោះល្មើសនឹងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបច្ចេកវិទ្យា VPN របស់ក្រុមហ៊ុន VirnetX ត្រូវគណៈវិនិច្ឆ័យនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានសម្រេចថា គួរតែត្រូវបង់ប្រាក់ចំនួន ៥០៣លានដុល្លារ។
បើតាមសារព័ត៍មាន CGTN នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានដកស្រង់តាមឯកសារតុលាការ ក្នុងសំណុំរឿងខាងលើរវាងApple និង VirnetX គឺទាក់ទងនឹងទៅបញ្ហាសន្តិសុខនៃការបញ្ជូនទិន្នន័យ នៅក្នុងឧបករណ៍ដូចជា iPhone, iPad, និង iPod Touch។
សូមជម្រាបថា ពាក់ព័ន្ធការសម្រេចរបស់គណៈវិនិច្ឆ័យរដ្ឋតិចសាស់ជុំវិញសំណុំរឿងនេះ Apple បានបញ្ជាក់ថា ខ្លួនមានការខកបំណងជាខ្លាំង ហើយគ្រោងនឹងដាក់ពាក្យតវ៉ាចំពោះការសម្រេចនេះ។ យ៉ាងណាមិញ Apple បានដាក់មន្ទិលសង្ស័យចំពោះសុពលភាពនៃកម្មសិទ្ធិបញ្ញារបស់ VirnetX។ បន្ទាប់ពីសំណុំរឿងនេះបានអូសបន្លាយប្រមាណជា១ទសវត្សរ៍មកហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន VirnetX បានចោទប្រកាន់ក្រុមហ៊ុន Apple ថាមុខងារ VPN On Demand នៅលើឧបករណ៍របស់ Apple គឺប្រើប្រាស់បច្ចេកវិទ្យា ដែលស្ថិតក្រោមកម្មសិទ្ធិបញ្ញារបស់ខ្លួនផងដែរ៕ដោយ៖ស តារា