អាកាសធាតុប្រែប្រួល គ្រោះរាំងស្ងតបានធ្វើឲ្យពលរដ្ឋនៅលើពិភពលោកប្រមាណ៤ពាន់លាននាក់ប្រឈមនិងកន្វះទឹកប្រើប្រាស់ ក្នុងនោះពលរដ្ឋឥណ្ឌានិងចិនប្រឈមនឹងការខ្វះទឹកច្រើនជាងគេ។
តាមរបាយការណ៍របស់អ្នកស្រាវជ្រាវហូឡង់ ចុះផ្សាយក្នុងទស្សនាវដ្តីអាមេរិកScienceAdvanceថា មនុស្ស បួនពាន់លាននាក់ខ្វះទឹកប្រើប្រាស់យ៉ាងហោចណាស់មួយខែក្នុងមួយឆ្នាំ និង ៥រយលាននាក់ ប្រឈមនឹងខ្វះខាតទឹកពេញមួយឆ្នាំ
អ្នកស្រាវជ្រាវហូឡង់ អាចកំណត់បានច្បាស់ខ្លាំងថា ក្រៅអំពីឥណ្ឌា និងចិនដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក បង់ក្លាដែស នីហ្សរីយ៉ា ម៉ិចស៊ិក និងសហរដ្ឋអាមេរិក ភាគខាងត្បូងឆៀងខាងលិច សុទ្ធតែប្រឈមខ្លាំងនឹងគ្រោះខ្វះទឹក។ សម្រាប់អ្នកស្រាវជ្រាវ ពាក្យថាកង្វះខាតទឹក គឺមានន័យថាសេចក្តីត្រូវការក្នុងតំបន់ មានច្រើននិងធំជាងពីរដងនឹងបរិមាណទឹកដែលមាន។
ប្រជាជនកើនឡើង បម្រែបម្រួលទម្លាប់រស់នៅ ជីវភាព ការអភិវឌ្ឍន៍កសិកម្ម ប្រព័ន្ធប្រឡាយទឹក សុទ្ធសឹងជាកត្តាសំខាន់ នាំឱ្យមានសេចក្តីត្រូវការផ្នែកទឹកកើនឡើងឥតឈប់ នៅគ្រប់ទិសទីលើពិភពលោក។ ទោះជាយ៉ាងដូច្នេះក្តីក៏ទឹកសាបលើភពផែនដីនៅមានគ្រប់គ្រាន់ ប៉ុន្តែមិនស្មើនៅគ្រប់ទិសទី និងត្រូវពេល។
បើតាមរបាយការណ៍ដដែល មនុស្សម្នាក់ៗត្រូវការទឹកប្រមាណតែ១ទៅ៤%នៃបរិមាណសរុបប៉ុណ្ណោះ។ ដូច្នេះរដ្ឋាភិបាលនិងក្រុមហ៊ុន គួរតែអភិវឌ្ឍន៍យុទ្ធសាស្ត្រចាត់ចែងទឹកឱ្យកាន់តែមាន ប្រសិទ្ធិភាព និងធ្វើយ៉ាងណាឱ្យឆ្លើយតបបានទៅនឹងសេចក្តីត្រូវការបន្ទាន់ របស់ពលរដ្ឋ៕
ប្រែសម្រួល៖ ម៉ែវ សាធី