ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយថ្ងៃ ទី១៩ ខែកុម្ភៈ គឺជាថ្ងៃបម្រុង ប្រសិនបើត្រូវការពេលវេលាបន្ថែម។ ការបន្តសវនាការលើបណ្តឹងសាទុក្ខនេះធ្វើឡើងបន្ទាប់ពីបានផ្អាកដោយសារតែកង្វះការការពារក្តីស្របច្បាប់សមស្របសម្រាប់ នួន ជា ដែលបណ្តាលមកពីសហមេធាវីការពារក្តីអន្តរជាតិរបស់គាត់ មិនបានចូលរួមសវនាការលើ បណ្តឹងសាទុក្ខដែលបានរៀបចំឡើង កាលពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយសហមេធាវីជាតិរបស់គាត់ក៏បានចាកចេញពីបន្ទប់សវនាការដែរ បើទោះបីជាមានការ បង្គាប់របស់អង្គជំនុំជម្រះ តុលាការកំពូលឱ្យបន្តមានវត្តមានយ៉ាងណាក៏ដោយ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅក្នុងរយៈពេលបីថ្ងៃនៃសបា្តហ៍នេះ អង្គជំនុំជម្រះតុលាការកំពូលមានគម្រោងស្តាប់សារណាផ្ទាល់មាត់លើបញ្ហានានាដែលបានលើកឡើងនៅក្នុងបណ្តឹងសាទុក្ខដែលធ្វើឡើងដោយភាគីពាក់ព័ន្ធនានា។ សវនាការនេះ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា នួន ជា និង ខៀវ សំផន ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២/០១ ដែលបានប្រកាសថ្ងៃទី៧ សីហា ឆ្នាំ២០១៤។ បណ្តឹងសាទុក្ខនេះ មានទំហំធំធេង និងស្មុគស្មាញ ប្រសិនបើប្រៀបធៀបនឹងកិច្ចដំណើរការនីតិវិធីដទៃទៀតពាក់ព័ន្ធទៅនឹងអំពើឃោរឃៅដ៏ធ្ងន់ធ្ងរដែលរងការចោទប្រកាន់នោះ។
គួររម្លឹកថា នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អង្គជំនុំជម្រះតុលាការកំពូលបានណែនាំអង្គភាពគាំពារការពារក្តីឱ្យចាត់តាំងមេធាវីបម្រុងសម្រាប់ នួន ជា។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥អង្គភាពនេះបានជ្រើសតាំងមេធាវី ផាត់ ពៅស៊ាង អតីតសហមេធាវីជាតិការពារក្តីឱ្យលោកស្រី អៀង ធីរិទ្ធ ធ្វើជាសហមេធាវីការពារក្តីត្រៀមបម្រុងសម្រាប់ នួន ជា។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅក្នុងសវនាការ លើបណ្តឹងសាទុក្ខនេះ លោកមេធាវី ផាត់ ពៅស៊ាង នឹងមានវត្តមានក្នុងសាលសវនាការ។
លោកបានឱ្យដឹងថាមេធាវី ការពារក្តីបម្រុងសម្រាប់ នួន ជា មានតួនាទី ១-តួនាទីរបស់សហមេធាវីត្រៀមបម្រុងសម្រាប់ នួន ជា ពុំមែនមកជំនួសតួនាទីរបស់សហមេធាវីការពារក្តី នួន ជា ដែលត្រូវបានជ្រើសតាំងរួចហើយនោះទេ ប៉ុន្តែគ្រាន់តែជាតួនាទីសម្រាប់ផ្តល់ជំនួយផ្នែកច្បាប់សមស្របដល់ នួន ជា ក្នុងអំឡុងពេលសវនាការ ក្នុងករណីដែលសហមេធាវីដែលត្រូវ បានជ្រើសតាំងនេះ ខកខានមានវត្តមានក្នុងបន្ទប់សវនាការ នៅពេលដែលសវនាការបន្តឬចាកចេញពីបន្ទប់សវនាការនៅអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ២-សហមេធាវីត្រៀមបម្រុងសម្រាប់ នួនជា នឹងមានវត្តមាននៅរាល់ សវនាការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ និងឯករាជ្យពីក្រុមមេធាវីការពារក្តី នួន ជា បច្ចុប្បន្ន និងពុំត្រូវ ពិគ្រោះពិភាក្សាជាមួយ ឬទទួលការណែនាំពី នួន ជា លើកលែងតែមានការបង្គាប់ពីអង្គជំនុំជម្រះតុលាការកំពូល។ ៣-សហមេធាវីត្រៀមបម្រុងសម្រាប់ នួន ជា បន្ទាប់ពីមានការស្នើសុំសមហេតុផល នឹងត្រូវទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់ដោយខ្លួនឯងទៅលើសំណុំរឿងនេះ និង ៤-សហមេធាវី ត្រៀមបម្រុងសម្រាប់ នួន ជា ពុំត្រូវបានផ្តល់សិទ្ធិឱ្យការពារក្តី នួន ជា ឡើយ ដរាបណាមានការណែនាំពីអង្គជំនុំជម្រះតុលាការកំពូលឱ្យទទួលយកការការពារក្តីនេះ។
នៅក្នុងកាលវិភាគរបស់ខ្លួន អង្គជំនុំជម្រះតុលាការកំពូល បានផ្តល់ពេលវេលាឱ្យទៅក្រុមមេធាវីការពារក្តី នួន ជា ប៉ុន្តែពេលវេលាដែលត្រូវបានផ្តល់នេះនឹងត្រូវដកហូតវិញ ប្រសិនបើ នួន ជា នៅតែគោរពតាមការសម្រេចចិត្តរបស់ខ្លួនក្នុងការណែនាំមេធាវីគាត់មិនឱ្យមានវត្តមាននៅក្នុងអំឡុងពេលសវនាការ ឬមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រម ឬគ្រប់ភាគី ហើយសវនាការលើបណ្តឹងសាទុក្ខនឹងបន្តដំណើរការទៅតាមវគ្គនីមួយៗ ដូចដែលបានកំណត់នៅក្នុងកាលវិភាគ។
សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីត ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំង ការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ នៅថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង ១៤៨។ បន្ថែមលើនេះ សហព្រះរាជអាជ្ញាបានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូលទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក៕