អន្តរជាតិ៖ បន្ទាប់ពី លោក ចូ បៃដិន នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ គណនី Twitter របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន នឹងលែងទទួលបានការលើកលែងពិសេសទៀតហើយ ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ព័ត៍មានពីអ្នកនាំពាក្យ Twitter ចុះផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបង្ហោះសារមួយចំនួនដែលល្មើសគោលការណ៍របស់ Twitter ពីសំណាក់គណនីរបស់មេដឹកនាំពិភពលោកបច្ចុប្បន្ន គឺត្រូវរឹតត្បិតប៉ុន្តែមិនលុបចោលតែម្តងឡើយ។ ចំណែកសម្រាប់អតីតមេដឹកនាំពិភពលោកវិញ គឺមិនទទួលបានការលើកលែងពិសេសនេះឡើយ ពោលគឺពុំខុសអ្វីពីពលរដ្ឋទូទៅនោះទេ។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនជ័យជម្នះរបស់លោក ចូ បៃដិន នៅរដ្ឋ Pennsylvania បានជួយឲ្យរូបលោកទទួលបានចំនួន អ្នកបោះឆ្នោតតំណាងសរុបលើស២៧០នាក់ ដែលជាចំនួនចាំបាច់ ដើម្បីអាចជាប់ជាប្រធានាធិបតីអាមេរិក។
ដោយឡែកជុំវិញការបោះឆ្នោតនេះដែរ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្ននេះ មិនព្រមទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ឡើយ ដោយប្តេជ្ញាថានឹងតតាំងលទ្ធផលបោះឆ្នោតនៅតុលាការ៕ដោយ៖ស តារា