ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន បន្ទាប់ពីបុរសរូបនេះព្យាយាមចាប់ក្មេងស្រីអាយុ៨ឆ្នាំរំលោភសេពសន្ថវៈតែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញជួយទាន់ពេលវេលា ។
ករណីប៉ុនប៉ងរំលោភទៅលើក្មេងស្រីដែលជាអនីតិជននេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២១០៦ ត្រង់ចំណុចទួលចាន់ទឹក ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ កង ណូ អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ រ.ភ.រ អាយុ៨ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្ដាយក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរទៅលេងនៅត្រង់ចំណុចទួលចាន់ទឹកតែម្នាក់ឯង ខណៈនោះជនសង្ស័យបានលបចូលចាប់ក្មេងស្រីរងគ្រោះផ្ដួលទៅលើដីរួចស្រាតសម្លៀកបំពាក់ចេញពីខ្លួនឡើងពោបពីលើបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ ។ គ្រានោះក្មេងស្រីរងគ្រោះបានរើបំរាស់ឲ្យគេជួយបង្កឲ្យភ្ញាក់ផ្អើលអង្គុយធ្វើការក្បែនោះដើរមកមើល ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោររត់គេចខ្លួនបាត់ទៅ ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីដែលជាអ្នកជិតខាងបាននាំក្មេងស្រីរងគ្រោះទៅជួបម្ដាយឪពុកនិងបានបន្ដទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋានរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភទៅលើក្មេងស្រីរងគ្រោះប្រាកដមែន ខណៈមានស្ត្រីជាអ្នកជិតខាងចូលមកជួយរូបគេក៏បានលើកខោរត់គេចខ្លួនបាត់តែម្ដង ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្ដិធម៍ស្រុកកោះធំកសាងសំណុំរឿងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលចាត់ការទៅតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស្អាងជ័យ