ខេត្ដសៀមរាប៖ តុលាការខត្ដសៀមរាប បានសម្រេចឃុំខ្លួនជនជាប់ចោទពីរនាក់បណ្ដោះអាសន្ននៅពន្ធនាគារ ករណីឃាតកម្ម លើនារីវ័យក្មេងដោយកាត់ក ដែលគេប្រទះឃើញនៅក្នុងផ្ទះសំណាក់ឈ្មោះ ប្រាសាទកែវ កាលពីថ្ងៃទី១៣ខែកុម្ភៈនេះ ។
ប្រភពព័ត៌មាន ពីចៅក្រមស៊ើុបសួរនៃសាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី១៦ខែកុម្ភៈនេះថា បានឲ្យដឹងថា កាលពីល្ងាចថ្ងៃ១៥ខែកុម្ភៈនេះ តុលាការបានបញ្ជូនជនជាប់ចោទពីរនាក់ គឺឈ្មោះ ចាន់ ឆាយ៉ា ភេទប្រុសអាយុ៤០ឆ្នាំ និងឈ្មោះ ណម សិទ្ធ អាយុ២៤ឆ្នាំ ភេទប្រុស ដាក់ពន្ធនាគារបណ្ដោះអាសន្នដើម្បីរងចាំធ្វើការស៊ើបអង្កេតបន្ដ ដោយអះអាងថា ជនជាប់ចោទរូបនោះមិនទាន់សារភាពថា ខ្លូនពិតជាបានសម្លាប់នារីវ័យក្មេងនៅឡើយនោះទេ។លោកបន្ដថា ជនជាប់ចោទឈ្មោះចាន់ ឆាយ៉ា អាយុ៤០ឆ្នាំ ប្រឈមជាប់ទោសអស់មួយជីវិត ដោយចោទពីបទឃាតកម្មទុកគិតជាមុន បើសិនតុលាការរកឃើញថា ពិតជាបានសម្លាប់នារីវ័យក្មេងដោយកាត់កមែន ចំណែកនជាប់ចោទមួយរូបទៀត ឈ្មោះ ណឹប សិទ្ធ ឆ្លើយបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធ និងឃាតកម្មនោះទេ។
យ៉ាងនេះក្ដីប្រភពបានបន្ដថា ជនជាប់ចោទរូបនេះ ក៍អាចប្រឈមនឹងទោសនេះដូចគ្នាដែរ បើសិនតុលាការរកឃើញថា ការស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នោះ ចំហរទ្វារទុកឱកាសឲ្យជនជាប់ចោទឈ្មោះ ចាន់ ឆាយ៉ា ទុកសាកសពនោះ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាតករ និងនារីរងគ្រោះ ត្រូវជាគូរសង្សានឹងគ្នា ប៉ុន្ដែត្រូវម្ដាយខាងស្រីផ្ដាច់មនោសញ្ចេតនាវិញ ក្រោយពេលដឹងថា បុរសរូបនោះមានប្រពន្ធកូនរួចទៅ។ ការកើតឡើងនូវឃាតកម្មនេះ សម្ថកិច្ចសង្ស័យថា ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះប្រហែលបីខែ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីវ័យក្មេងម្នាក់ឈ្មោះ ឡេង សិលា អាយុ២៤ឆ្នាំ មានទីលំនៅស្រុកពួក ត្រូវបានឃាតករសម្លាប់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ឈ្មោះប្រាសាទកែវ ក្នុងសង្កាត់ស្វាយដង្គុំក្រុងសៀមរាប។ ជនសង្ស័យឈ្មោះចាន់ ឆាយ៉ា រស់នៅភូមិគោកដូង ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៣ខែកុម្ភៈ ខណៈជនល្មើសយកក្បាលសាកសពនារីរងគ្រោះទៅដុតចោល៕
ដោយ៖ជានិរន្ដរ៍