ពិតជាអស្ចារ្យមែន! ប្រជាពលរដ្ឋនៅស្រុកវ៉ារិន្ទខេត្តសៀមរាប រួមគ្នាបង្កើតជាសហគមន៍ផលិតបំពង់បឺតធ្វើពីឫស្សី ទទួលបានការគាំទ្រនិងរកប្រាក់ចំណូលបានច្រើន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមប្រជាពលរដ្ឋជាង ៥០គ្រួសារ រស់នៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានរួមគ្នាបង្កើតសហគមន៍ឫស្សី ដោយផលិតបំពង់បឺត(ទុយោ)ធ្វើពីឫស្សី ដើម្បីលក់ទៅកាន់ទីផ្សារ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។

បើតាមអ្នកតំណាងសហគមន៍ផលិតបំពង់បឺតឫស្សី លោក វ៉ន សាវ៉េត រស់នៅក្នុងភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាបបានប្រាប់ថា ផលិតផលបំពង់បឺតធ្វើពីឫស្សី របស់អ្នកភូមិនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជននៅក្នុងខេត្ត និងនៅតាមបណ្តារាជធានីខេត្តដ៏ទៃទៀត។

អ្នកតំណាងសហគមន៍រូបនេះ បានបញ្ជាក់ទៀតថា គម្រោងផលិតបំពង់បឺតពីឫស្សីនេះ មិនត្រឹមតែរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន ពីការប្រើប្រាស់បំពង់បឺតផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយស្វែងរកចំណូលដល់ក្រុមគ្រួសារផងដែរ។

ជាមួយគ្នានោះដែរ លោក វ៉ន សាវ៉េត បានសំណូមដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្របំពង់បឺតឫស្សីផលិតដោយស្នាដៃរបស់កូនខ្មែរដើម្បីកាត់បន្ថយផលិតផលនាំចូល និងជាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

មិនតែប៉ុណ្ណោះលោក វ៉ន សាវ៉េត បានបញ្ជាក់បន្ថែមថា សហគមន៍នឹងជំរុញឱ្យមានការដាំឫស្សីបន្ថែមទៀត ដើម្បីសម្រួលដល់ដំណើរការផលិត មានភាពងាយស្រួល ខណៈបច្ចុប្បន្នសហគមន៍នេះពិបាកក្នុងការស្វែងរកវត្ថុធាតុដើម និងការនាំចូលពីខេត្តដទៃ។

គួរបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋម្នាក់អាចផលិតបំពងបឺតពីឫស្សីបានចំនួន ១៥០ដើម តាមការបញ្ជាទិញពីអតិថិជន ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print