ឪពុកម្ដាយចិញ្ចឹម ធ្វើទារុណ​កម្ម​លើ​កូន​ចិញ្ចឹមរហូតដល់​ស្លាប់ រួចប្រាប់សមត្ថកិច្ចថា ពុលដំឡូងមីស្លាប់​ ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តសៀម​រាប​៖ ​ប្តី​ប្រពន្ធ​មួយ​គូ បានធ្វើទារុណ​កម្ម​លើ​កូន​ចិញ្ចឹមរបស់ខ្លួន ដែលមាន​អាយុ​ទើបតែ ៦ឆ្នាំប៉ុណ្ណោះ រហូតដល់​ស្លាប់ រួចប្រាប់សមត្ថកិច្ចថា ពុលដំឡូងមីស្លាប់​ ក្រោយមកកម្លាំងកងរាជអាវុធហត្ថ ស្រុកស្វាយលើ ចុះមកឃាត់ខ្លួនសួរនាំទើបដឹងថាជាករណីឃាតកម្ម ។

បើតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថ ស្រុកស្វាយលើ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ​ កម្លាំងជំនាញបានទទួលដំណឹងថា  មានករណី ក្មេងប្រុសម្នាក់ឈ្មោះ ផល សុភាន់ អាយុ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹម របស់ឈ្មោះ ហាប់ ផល ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរយោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមីស្លាប់​។

បន្ទាប់​មក កម្លាំង​មូលដ្ឋាន​ស្រុកស្វាយលើ ​ក៏​បាន​ចុះទៅដល់ កន្លែងកើតហេតុ ដើម្បី​ស្តាប់ចម្លើយសាក្សី ជុំវិញ​​ការ​ស្លាប់ ​របស់​ក្មេង​ប្រុស​ខាងលើ​នេះជាក់ស្តែង​។ ក្រោយ​ស្តាប់​សម្តី​សាក្សី​ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋានថា ការ​ស្លាប់​របស់​ក្មេងប្រុសខាងលើ គឺ​មិនមែន​បណ្តាល​មកពី ​ការ​ពុលដំឡូងមីនោះទេ។

ក្រោយ​មកកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយកម្លាំងជំនាញធ្វើការសាកសួរ ទើប​ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធខាងលើ បានសារភាពថា ពួកគេពិតជា​បាន វាយធ្វើបាបទៅលើ កូនចិញ្ចឹមឈ្មោះផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន ។

គួរបញ្ជាក់ថា ចំពោះចម្លើយ ដែលពួកគេនិយាយប្រាប់ឪពុកជនរងគ្រោះ  និងរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ ដោយសារពុលដំឡូងមី  គឺមិនពិតនោះទេ​ គឺជនរងគ្រោះស្លាប់ ដោយសារការប្រើអំពើហិង្សា និងអំពើទារុណកម្ម ទើបបណ្តាលឲ្យ ជនរងគ្រោះស្លាប់បាត់បង់ជីវិតបែបនេះ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់​​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print