សាទុក្ខក្នុងសំណុំរឿង ០០២/០១ ទោះបីជាមេធាវីអន្តរជាតិការពារក្តីឱ្យជនជាប់ចោទ នួន ជា បន្តមិនចូលរួមសវនា ការ ហើយនួន ជា នៅតែរក្សាការសម្រេចចិត្តរបស់ខ្លួននៅក្នុងការណែនាំមេធាវីគាត់មិនឱ្យមានវត្តមាននៅក្នុងអំឡុង
ពេលសវនាការ ឬមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រម ឬគ្រប់ភាគីយ៉ាងណាក៏ដោយ។ សវនាការបានផ្តោតលើ ការបង្ហាញសារណាផ្ទាល់មាត់ទាក់ទងនឹងទឡ្ហីករណ៍បណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០១។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅថ្ងៃទី១ អង្គជំនុំជម្រះបានផ្តោតលើ បញ្ហាទូទៅពាក់ព័ន្ធនឹងទឡ្ហីករណ៍បណ្តឹងសាទុក្ខពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី និងធម្មនុញ្ញភាព
នៃវិធានផ្ទៃក្នុងនិងទឡ្ហីករណ៍បណ្តឹងសាទុក្ខពាក់ព័ន្ធនឹងវិធីសាស្ត្រទូទៅស្តីពីភស្តុតាងដែលធ្វើឡើងដោយក្រុមមេធាវី ការពារក្តីខៀវ សំផន ក្រុមសហព្រះរាជអាជ្ញា និងក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រមនៃអង្គជំនុំ ជម្រះតុលាការកំពូលក៏បានសាកសួរទៅគ្រប់ភាគីទាំងអស់ពាក់ព័ន្ធប្រធានបទនេះដែរ។
ក្រុមមេធាវីការពារក្តីខៀវសំផន បានលើកឡើងថាការជំនុំជម្រះក្តី និងការសម្រេចសេចក្តីរបស់អង្គជំនុំជម្រះ សាលាដំបូងមានកំហុសនិងបានធ្វើឱ្យការសម្រេចសេចក្តីផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតគឺពិត ជាអយុត្តិធម៌ ខណៈលោកខៀវ សំផន មិនបានដឹងអ្វីឡើយ។ ក្រុមមេធាវីបានវាយបកលើអង្គជំនុំជម្រះសាលាដំបូង ដែលថាបានក្លែងភស្តុតាង និងបានបិទសិទ្ធិក្រុមមេធាវីការពារក្តីក្នុងការចោទសួរទៅលើសាក្សី និងដើមបណ្តឹងរដ្ឋប្ប វេណីដើម្បីដោះបន្ទុក។ ក្រុមមេធាវីការពារក្តីខៀវសំផន ក៏បានចោទចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងថាបានដើរ តួនាទីជាព្រះរាជអាជ្ញាក្នុងការចោទសួររកតែភស្តុតាងដាក់បន្ទុកលើជនជាប់ចោទ និងបានគំរាមលើសាក្សី និងបាន លើកឡើងថាវត្តមានរបស់ក្រុមមេធាវីការពារក្តីគឺគ្រាន់តែជាគ្រឿងតែងលំអសវនាការតែប៉ុណ្ណោះ។ ក្រុមមេធាវីបាន លើកឡើងថា ការជំនុំជម្រះក្តីនេះពិតជារំលោភលើសិទ្ធិជនជាប់ចោទ និងគោលការណ៍នៃការជំនុំជម្រះក្តីដោយ យុត្តិធម៌តាមស្តង់ដារអន្តរជាតិ។
ប៉ុន្តែក្រុមសហព្រះរាជអាជ្ញាបានឆ្លើយតបថាការជំនុំជម្រះក្តីនៅដំណាក់កាលសាលាដំបូងប្រព្រឹត្តទៅដោយយុត្តិធម៌ និងបានគោរពសិទ្ធិលើគ្រប់ភាគីទាំងអស់ និងលើកឡើងថាការរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតបទៅនឹង
សំណួរទាំងឡាយ និងការធ្វើពហិការបស់មេធាវីការពារក្តីក្នុងការតតាំងនៅ ក្នុងសវនាការបណ្តឹងសាទុក្ខគឺកង្វះឆន្ទៈ
ក្នុងការចូលរួមបង្ហាញការពិតពីភាគីជនជាប់ចោទ។ សហព្រះរាជអាជ្ញាបានបន្តថាអង្គជំនុំជម្រះសាលាដំបូងបាន បែងចែកពេលវេលាស្មើៗគ្នាដល់គ្រប់ភាគីទាំងអស់ដើម្បីសាកសួរដេញដោលលើសាក្សី អ្នកជំនាញ និងដើមបណ្តឹង រដ្ឋប្បវេណីដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្ម។
សហព្រះរាជអាជ្ញាបានលើកឡើងថាការសម្រេចរបស់ចៅក្រុម នៃអង្គជំនុំជម្រះសាលាដំបូងក្នុងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតទៅលើជនជាប់ចោទទាំងពីរគឺឈរនៅ លើភស្តុតាង សក្ខីកម្មរបស់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញជាច្រើនទំព័រ។ សហព្រះរាជអាជ្ញាបាន លើកឡើងថាការជំនុំជម្រះក្តីនេះវាមិនល្អឥតខ្ចោះមែន ប៉ុន្តែមានភាពយុត្តិធម៌ដោយបានលើកឡើងថាការផ្តន្ទាទោស លើលោកខៀវ សំផន គឺឈរនៅលើមូលដ្ឋានដែលជនជាប់ចោទរូបនេះបានដឹងពីគោលនយោបាយនៃឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើង។ សហព្រះរាជអាជ្ញាបានលើកឡើងថាប្រសិនបើមានកំហុសឆ្គងមួយឬពីរចំណុច វាមិនអាច ថាការជំនុំជម្រះក្តីទាំងមូលមិនយុត្តិធម៌ឡើយ។
ទាក់ទងនឹងការចោទរបស់ក្រុមមេធាវីការពារក្តីដែលថាមានការក្លែងភស្តុតាងពីសំណាក់អង្គជំនុំជម្រះសាលាដំបូងដើម្បីដាក់បន្ទុកជនជាប់ចោទ ក្រុមសហព្រះរាជអាជ្ញាបានលើកឡើងថាគឺក្រុមមេធាវីការពារក្តីខ្លួនឯងទេ ដែលបានក្លែងភស្តុតាងនោះ។ ចំណែកក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណីបានលើកឡើងថាពេលវេលា ដែលអង្គជំនុំជម្រះបានផ្តល់ឱ្យក្រុមមេធាវីការពារក្តីសួរលើជនរងគ្រោះគឺពួកគេមិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ ឡើយ។ ក្រុមមេធាវីការពារក្តីដើមបណ្តឹងរដ្ឋប្បវេណីបានលើកឡើងថា អង្គជំនុំជម្រះសាលាដំបូងបានប្រើប្រាស់ សក្ខីកម្មមួយចំនួនរបស់ជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីបង្ហាញភស្តុតាង។
អង្គជំនុំជម្រះតុលាការកំពូលនឹងបន្តសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះនៅថ្ងៃទី ១៧ខែកុម្ភៈ បន្តទៀតដោយផ្តោតលើប្រធានបទទឡ្ហីករណ៍បណ្តឹងសាទុក្ខពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលជនជាប់ចោទ ត្រូវបានដាក់ពិរុទ្ធភាព និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលរបស់ជនជាប់ចោទ។ ដំណើរការសវនាការលើបណ្តឹងសាទុក្ខនេះក៏នឹងត្រូវផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិផងដែរ៕