អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថា នាយកដ្ឋានប្រាក់ចំណូលថៃ មានគោលបំណងទាញបុគ្គលិកចំនួន៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធមួយចំនួនរួមមាន៖ ទាំងអ្នកលក់តាមអ៉ីនធើណេត influencers, YouTubers និង freelancers។ ព្រោះការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះនៅមានមនុស្សជាច្រើនដែលមិនត្រូវបានយកពន្ធលើប្រាក់ចំណូល ,នេះបើយោងតាមប្រសាសន៍របស់លោក Ekniti Nitithanprapas អគ្គនាយករងនាយកដ្ឋានប្រាក់ចំណូលថៃ ។
ជាក់ស្ដែងបើតាមការស្ទង់មតិដំបូង របស់នាយកដ្ឋានប្រាក់ចំណូលថៃ បានរកឃើញថា៖ មានមនុស្សចំនួន ៦លាននាក់ដែលត្រូវបានគេដកចេញពីប្រព័ន្ធពន្ធ។ ដូច្នេះហើយនាយកដ្ឋានបានកំណត់គោលដៅ ដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៥០០,០០០ នាក់នៅក្នុងប្រព័ន្ធពន្ធ។
លោក Ekniti បានមានប្រសាសន៍បន្តថា ប្រតិបត្តិករអាជីវកម្មទាំងអស់គួរតែបង់ពន្ធត្រឹមត្រូវ។ ព្រោះទីភ្នាក់ងារនេះ គ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រសិនបើមនុស្សណាម្នាក់ ឬ ប្រតិបត្តិករអាជីវកម្មណាមួយមិនត្រូវបានបង់ពន្ធឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះនាយកដ្ឋានមួយនេះ ក៏នឹងប្រើទិន្នន័យវិភាគ ដើម្បីវិភាគព័ត៌មានដែលមានស្រាប់ និងស៊ើបអង្កេតលើការបង់ពន្ធស្ទួនផងដែរ។
សូមជម្រាបថា មានប្រជាជនចំនួន ៩.៥៥ លាននាក់នៅក្នុងប្រព័ន្ធពន្ធសម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាកើនឡើងចំនួន ២៥០,០០០ នាក់ធៀបនឹងឆ្នាំសារពើពន្ធ ២០១៩ ខណៈប្រទេសថៃមានប្រជាជនជិត ៧០ លាននាក់។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបង់ពន្ធចំនួន ៩.៥៥ លាននាក់ មានប្រជាជនចំនួន ៣.៣ លាននាក់ដែលមានប្រាក់ចំណូលប្រចាំខែ ២៥,០០០បាត (ប្រហែលជាង ៨២៨ ដុល្លារ) ដែលជាកម្រិតអប្បបរមាក្នុងការដាក់ទម្រង់បែបបទពន្ធ ខណៈដែល ៦,២៥ លាននាក់នៅសល់តិចជាងកំរិត។ ហើយសម្រាប់សារពើពន្ធឆ្នាំ ២០២១ នាយកដ្ឋានមានគោលបំណងបង្កើតប្រាក់ចំណូលពន្ធដែលមានតំលៃ ២,០៨៥ ទ្រីលានបាតដោយ ៤០% ពីពន្ធលើតម្លៃបន្ថែម៕ដោយ៖ស តារា