កាលពីថ្ងៃទី១៤កក្កដា នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៏ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការ និង លោកវរសេនីយ៏ឯក ស៊ីផាន់ ភុតថាក់វង្ស ប្រធាននាយដ្ឋានព្រំដែន កងទ័ពប្រជាជនឡាវ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រួតពិនិត្យឡើងវិញ នៃការអនុវត្តន៏ លទ្ធផល កិច្ចប្រជុំកាលពីឆ្នាំកន្លងទៅ នៅទីក្រុងវៀងច័ន្ទ រវាងនាយកដ្ឋានព្រំដែនឡាវ និង ទីចាត់ការការងារព្រំដែនកម្ពុជា។នេះបើយោងតាមសេចក្តីរាយការណ៏ពីកិច្ចប្រជុំ។ ប្រភពពត៌មានដដែលបាន ឲ្យដឹងទៀតថា៖ ក្រៅពីនេះ កិច្ចប្រជុំក៏នឹងបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាសន្តិសុខ របៀបរៀបរយ ការអនុវត្តពិធីសារ និង ការបង្កើតយន្តការទំនាក់ទំនងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងនោះដែរ។
ឆ្លងតាមកិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ប្រកបដោយលក្ខណៈមិត្តភាព អង្គប្រជុំសម្រេចបានលទ្ធផលជាច្រើនចំណុច ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតឲ្យមានការិយាល័យទំនាក់ទំនងព្រំដែន និងក្រុមការងារទំនាក់ទំនងតាមច្រកទ្វារព្រំដែនដាច់ដោយឡែកពីគ្នា ដើម្បីងាយស្រួលក្នុងការទទួលខុសត្រូវ ការត្រួតពិនិត្យ និង ការដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សន្តិសុខព្រំដែន និងប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៏ឯក សៀក សុជាតិ បានបញ្ជាក់ថា៖ ជាការពិត សន្តិភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បាន នឹងកំពុងបន្តនិរន្តរភាព ក្រោមបរិយាកាសល្អប្រសើរ ដោយបន្តធានាបាននូវ ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់។ សមិទ្ធិផលនេះ គឺជាសក្តីភាព ឆ្លុះបញ្ចាំងអំពីភាពរីកចំរើនឥតឈប់ឈរ និង កាន់តែរឹងមាំជាលំដាប់ នៃចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ដែលជាលទ្ធផលប្រកបដោយមោទភាព និង កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយនឹងភាពវិជ្ជមាននេះ ឯកឧត្តមឧត្តមសេនីយ៏ឯក សៀក សុជាតិ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ផងដែរ ក្នុងនោះរួមមាន៖ ការលួចឆ្លងដែន ការជួញដូរ និង ចែកចាយគ្រឿងញៀនខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វ និង ការនេសាទជាដើម ដែលសកម្មភាពទាំងនេះ នៅតែបន្តកើតមាន ហើយដែលធ្វើឲ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងតំបន់ព្រំដែនប្រទេសទាំងពីរ។
លោក វរសេនីយ៏ឯក ស៊ីផាន់ ភុតថាក់វង្ស បានយល់ស្របតាមចំពោះការលើកឡើងនេះ ដោយលោកបានគូសបញ្ជាក់ថា វិធានការដ៏មានប្រសិទ្ធភាព គឺការបង្កើនទំនាក់ទំនង និង កិច្ចសហការគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរពត៌មានឲ្យគ្នាទៅវិញទៅមក តាមគ្រប់មធ្យោបាយ ហើយដាក់ចេញនូវវិធានការរួមគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនជាតំបន់មានសុខសុវត្ថិភាព ប្រជាពលរដ្ឋទាំងសងខាងបាន ប្រកបមុខរបរជួញដូរជាមួយគ្នា ប្រកបដោយភាពថ្កុំថ្កើង និងភាពសុខុដុមរមនា៕