ភ្នំពេញ៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថានឹងមានយុវសិល្បករប្រមាណជាង៩០០នាក់ ចូលរួមក្នុងកម្មវិធីមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនៅឆ្នាំនេះ។ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី២នេះធ្វើឡើងក្រោមប្រធានបទ «វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»។
ទិវាវប្បធម៌៣មិនាឆ្នាំ២០១៦លើកទី១៨នេះគឺការជំរុញឲ្យទិវានេះឲ្យទៅជាយុទ្ធនាការលើកស្ទួយការយល់ដឹង និងការចូលរួមរបស់យុវជនខ្មែរទូទាំងប្រទេសក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ នេះបើតាមការបញ្ជាក់របស់ លោកសំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកបញ្ជាក់ថា មហោស្រពនេះនឹងចាប់ផ្តើមបើកចាប់ពីថ្ងៃទី១៨កុម្ភៈរហូតដល់ថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៦នេះនៅសាលសន្និសិទចតុម្មុខនិងសិល្បៈទស្សនីយភាព។ កម្មវិធីនេះមានក្រុមសិល្បៈយុវជនសុទ្ធសឹងតែជាសិស្សថ្នាក់មធ្យម និងសិស្សថ្នាក់ឧត្តមមាន១១សាកលវិទ្យាល័យ ២៥រាជធានីខេត្តសរុបយុវជនជាសិល្បករមានមិនតិចជាង៩០០នាក់។ លោកបន្តថាមានស្នាដៃរបាំចំនួន២៩មាន របាំបុរាណ របាំប្រពៃណី សុទ្ធតែជាស្នាដៃរបស់សិល្បៈយុវសិស្ស និងមានឈុតល្ខោនអប់រំផងដែរ សរុបស្នាដៃដែលមានគឺចំនួន៥៩ស្នាដៃ។ ខាងក្រសួងយើងបានត្រៀមបើកមហោស្រពសិល្បៈយុវជននេះតាំងពីខែឧសភាឆ្នាំ២០១៥មកដោយមានទិសដៅ៦ដំណាក់កាលគឺបានបណ្តុះបណ្តាលស្នាដៃសិល្បករជាយុវជនសម្រាប់រយៈពេល១សប្តាហ៍រៀនតែងនិពន្ធរៀនរបាំ។ អ្នកនិពន្ធជាយុវជនដែលត្រឡប់ទៅវិញត្រូវនិពន្ធនិងបង្កើតស្នាដៃរបស់ខ្លួន ការបង្កើតរបាំនិងនិពន្ធរឿងឲ្យមានខ្លឹមសារនិងការច្នៃប្រឌិតខ្ពស់។ លោកបញ្ជាក់ដែរថាការបើក មហោស្រពនេះក៏ជាការត្រៀមក្នុងមូលដ្ឋានដើម្បីចម្រាញ់រកស្នាដៃប្រកួតប្រជែង។
លោកនិយាយទៀតថាស្នាដៃទាំងអស់មានខ្លឹមសារបួនយ៉ាងគឺខ្លឹមសារទី១និយាយពីយុវជនក្នុងការអប់រំយុវជនក្នុងស្រទាប់យុវវ័យមានក្មេងទំនើង ការគេចសាលារៀន គ្រឿងញៀនដែលជាបាតុភាពអសកម្មក្នុងសង្គមត្រូវបានយកមកសម្តែងជាឈុតល្ខោនអប់រំ។ ខ្លឹមសារទី២ យុវជនដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ក្នុងន័យចង់ឲ្យយុវជនចេះថែរក្សាការពារ និងអភិវឌ្ឍន៍វប្បធម៌យើង។ ខ្លឹមសារទី៣ យុវជនដើម្បីសីលធម៌សង្គម និងខ្លឹមសារទី៤ យុវជននិងសេចក្តីសប្បាយថ្លៃថ្នូដែលខ្លឹមសារទាំងនេះគឺជាគោលបំណងនិងគោរពតាមអនុសាសន៍ និងមតិណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មិនាលើកទី១៧ឆ្នាំ២០១៥កន្លងទៅ។
លោករដ្ឋលេខាធិការបញ្ជាក់ដែរថា ក្រសួងនៅតែបន្តការបណ្តុះបណ្តាលសិស្សថ្នាក់មធ្យម និងនិស្សិតថ្នាក់ឧត្តមឲ្យមានការយល់ដឹងកាន់តែជ្រៅអំពីតម្លៃសិល្បៈវប្បធម៌ជាតិដើម្បីចូលរួមថែរក្សា និងអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាថែមទៀតក្នុងស្រទាប់យុវវ័យនូវប្រពៃណីទំនៀមទំលាប់សិល្បៈវប្បធម៌របស់ដូនតាយើងសំដៅកាត់បន្ថយវប្បធម៌អវិជ្ជមានពីខាងក្រៅ។ ពិសេសគឺចំនេះដឹងអំពីវប្បធម៌ទៅក្នុងគ្រឹះស្ថានអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដើម្បីឲ្យកូនខ្មែរបានស្គាល់ពីអត្តសញ្ញាណវប្បធម៌ និងមានស្មារតីស្រឡាញ់ការពារនិងលើកតម្កើងវប្បធម៌អវិជ្ជមានពីខាងក្រៅ៕
ដោយ៖ វឌ្ឍនា