ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​នៅ​បណ្ដាប្រទេស​ចំនួន​ អង្គការសហប្រជាជាតិ​(UN) បញ្ចេញ​លុយ​១០០​លាន​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​ក្នុងប្រទេស​ចំនួន​៧ ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម វិបត្តិ​សេដ្ឋកិច្ច បម្រែបម្រួល​អាកាសធាតុ និង​ជំងឺឆ្លង​COVID-19 ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​(OCHA) របស់​អង្គការសហប្រជាជាតិ​(UN) បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​​។​

នៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​OCHA បានបញ្ជាក់ថា ការបញ្ចេញ​ប្រាក់​ពី​មូលនិធិ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​(CERF) ជា​វិធី​ដ៏​រហ័ស និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​គ្រោះ​អត់​ឃា្ល​ន​នៅ​ប្រទេស​ទាំង​៧​ខាងលើ​។ CERF ជា​មូលនិធិ​របស់ UN ដែលមាន​ទឹកប្រាក់​ជិត​៥០០​លាន​ដុល្លារ ហើយ​ដែល​អនុញ្ញាត​ឲ្យ​បញ្ចេញ​សាច់ប្រាក់​ជាបន្ទាន់​ ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ និង​គ្រោះអាសន្ន​ផ្សេងៗ ដោយ​ពុំ​ចាំបាច់​ទន្ទឹងរង់ចាំ​ប្រាក់ឧបត្ថម្ភ​ពីរ​ដ្ឋ​សមាជិក​ឡើយ​។​

សូមជម្រាបថា ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ នឹងត្រូវ​ចំណាយ​លើ​ប្រទេស​យេ​ម៉ែន​ចំនួន​៣០​លាន​ដុល្លារ អា​ហ្វ​ហ្កា​នី​ស្ថាន​១៥​លាន​ដុល្លារ នី​ហ្សេ​រី​យ៉ា​១៥​លាន​ដុល្លារ ស៊ូដង់​ខាងត្បូង​៧​លាន​ដុល្លារ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៧​លាន​ដុល្លារ បួ​គី​ណា​ហ្វា​សូ​៦​លាន​ដុល្លារនិង​២០​លាន​ដុល្លារ​ទៀត​សម្រាប់​ស្ថានការណ៍​ដែល​កំពុង​ដុនដាប​នៅ​អេ​ត្យូ​ពី​ដោយសារ​សង្គ្រាម​នឹង​គ្រោះរាំងស្ងួត​។​

​ជាក់ស្តែងក្នុងចំណោម​ប្រទេស​ចំនួន​៧​ទាំង​លើ ប្រទេស​ចំនួន​៦​ជួប​គ្រោះរាំងស្ងួត និង​ជម្លោះ​ប្រដាប់អាវុធ​។ ប្រជាជន​យេ​ម៉ែន​ចំនួន​ជិត​២៤​លាន​នាក់​ប្រឈម​ នឹង​គ្រោះរាំងស្ងួត​ដោយសារ​សង្គ្រាមស៊ីវិល​។ ចំណែក​ស៊ូដង់​ខាងត្បូង​ត្រូវបាន UN ប្រកាស​ពី​គ្រោះអាសន្ន​អត់ឃ្លាន​ពី​ឆ្នាំ​២០១៧ ដោយ​មនុស្ស​ជាង​៧​លាន​នាក់​ស្ថិតក្នុង​អត់ឃ្លាន​។ ស្ថានភាព​នៅ​ប្រទេស​អាហ្វ្រិក​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​ដោយសារ​ការឡើង​ថ្លៃ​ម្ហូបអាហារ​អំឡុងពេល​COVID-19​។​

​បើតាមប្រធាន OCHA លោក Mark Lowcock បានអះអាងថា គ្រោះ​អត់ឃ្លាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ឈឺផ្សា និង​គួរ​ឲ្យ​អាម៉ាស់​បំផុត ជាពិសេស​ក្នុង​ពិភពលោក​ដែលមាន​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​។ លោក​ប្រធាន OCHA បន្តថា គ្រោះ​អត់ឃ្លាន​បណ្តាល​ឲ្យ​មាន​ជម្លោះ និង​សង្គ្រាម​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​បម្លាស់​ទី​មនុស្ស​ទ្រង់ទ្រាយ​ធំ​។​

​លោក Mark Lowcock បានបញ្ជាក់ទៀតថា គ្រោះ​អត់ឃ្លាន​អាច​កើតឡើង​បាន ដោយសារតែ​មនុស្ស​គ្រប់គ្នា​អនុញ្ញាត​ឲ្យ​វា​កើតមាន​។ នាពេល​បច្ចុប្បន្ននេះ មនុស្ស​ជាង​២៥០​លាន​នាក់​កំពុង​ប្រឈម ឬ​រស់នៅ​ជាមួយ​ភាពអត់ឃ្លាន​។​

​ជាមួយគ្នានេះ ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) របស់ UN លោក David Beasley ក៏បានអះអាងដែរថា មនុស្សជាតិ​គួរ​ណាស់​តែ​ផ្តោត​កិច្ចខិតខំ​ប្រឹងប្រែង​ទៅលើ​គ្រោះ​អត់ឃ្លាន កង្វះ​អាហារ អស្ថិរភាព និង​បញ្ហា​ចំណាកស្រុក​។ ក្នុង​ឆ្នាំ​២០២០ WFP ចំណាយ​ប្រា​ក់ជាង​១០​ពាន់​លាន​ដុល្លារ​ដើម្បី​ចិញ្ចឹម​មនុស្ស​ជាង​១០០​លាន​នាក់​ក្នុងប្រទេស​ចំនួន​៥៥៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print