ប្រធានាធិបតី​អាមេរិកលោក ​ត្រាំ បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាមេរិក កាលពីថ្ងៃទី​១៧ វិច្ឆិកា​ ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសកាត់បន្ថយ​កងទ័ព​បន្ថែមទៀត​ពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយលោក ដូ​ណា​ល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក បានចេញ​បញ្ជា​ឲ្យ​កាត់បន្ថយ​កងទ័ព​។ព្រោះដំបូង​ឡើយ លោក​ ត្រាំ ចង់​ដកទ័ព​ទាំង​អស់ពី​ប្រទេស​ទាំងពីរ​នេះ ប៉ុន្តែ​រង​ការរិះគន់​គ្រប់​ទិស​ទាំង​ក្នុងចំណោម​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លួនឯង​។​

​បើតាមរដ្ឋបាល​លោក​ត្រាំ បានសម្រេច​កាត់បន្ថយ​កងទ័ព​២​ពាន់​នាក់​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន និង​៥​រយ​នាក់​ពី​អ៊ីរ៉ាក់​។​ ខណៈនៅ​អា​ហ្វ​ហ្កា​នី​ស្ថានអាមេរិក​មាន​កងទ័ព​ចំនួន​៤​ពាន់​៥​រយ​នាក់ ចំណែកឯ​នៅ​អ៊ឺ​រ៉ា​ក់​វិញ​អាមេរិក មាន​កងទ័ព​៣​ពាន់​នាក់​។

រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ លោក Christopher Miller បានបញ្ជាក់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ថា៖«​នៅត្រឹម​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១កងកម្លាំង​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​២​ពាន់​៥​រយ​នាក់ និង​២​ពាន់​៥​រយ​នាក់​ដូចគ្នា​នៅ​អ៊ីរ៉ាក់​»​។

​ចំពោះការដក​ទ័ព​ចេញពី​សមរភូមិ​ទាំងនេះ ក៏បានការជំទាស់​ខ្លាំង​ពី​សមាជិកសភា​អាមេរិក​បក្ស​សាធារណរដ្ឋ​។ ប្រធាន​សម្លេង​ភាគច្រើន​ព្រឹទ្ធសភា លោក Mitch McConnell បានលើកឡើងថា អាមេរិក​ត្រូវ​ប្រយ័ត្នប្រយែង​មិនត្រូវ​កែប្រែ​គោលនយោបាយ​ការពារជាតិ ឬ​ការបរទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៅមុខ​ឡើយ​។​ លោក McConnell ក៏​បង្ហាញ​ជំហរ​ប្រឆាំងនឹង​ការកាត់បន្ថយ​កងទ័ព​នេះ​។​

​ជាមួយគ្នានេះ សមាជិក​គណៈកម្មាធិកា​រ​យោធា​នៃ​សភា​តំណាង ​លោក Mac Thornberry បានចាត់ទុក​ការកាត់បន្ថយ​ទ័ព​នេះ​ជា​កំហុស​។លោក បន្ត​ថា ការកាត់បន្ថយ​ទ័ព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ប៉ះពាល់​ដល់​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់ ដោយ​ក្រុម​នេះ​មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ជុំវិញបញ្ហានេះដែរ ក្រុមការងារ​របស់​ប្រធានាធិបតី​ជាប់ឆ្នោតថ្មី លោក​ចូ បៃ​ឌិន ពុំទាន់​មានការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ចូ បៃ​ឌិន​ ធ្លាប់បាន​លើកឡើងថា អាមេរិក​ត្រូវតែ​បញ្ចប់សង្គ្រាម​ដោយមាន​ការទទួលខុសត្រូវ ដែល​អាច​ធានា​ការពារ​ការ​គំរាម​ទាំង​ក្នុងស្រុក​។បើតាម​លោក បៃ​ឌិន ពលរដ្ឋ​អាមេរិក​ហត់នឿយ​នឹង​សង្គ្រាម​។​

​ដោយឡែក​ប្រធានសភា​តំណាង លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បានអះអាងថា លោកស្រី​បារម្ភ​ពី​ការកាត់បន្ថយ​ទ័ព​ដែល​គ្មាន​ការសម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត NATO ។ លោកស្រី​បន្ថែមថា ការដក​ទ័ព​ដោយ​ប្រញាប់ប្រញាល់​ពេលនេះ នឹងធ្វើ​ឲ្យ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​សម្បុក​ភេរវកម្ម​ជាថ្មី​ម្តងទៀត​។​

​គួរបញ្ជាក់ដែរថា បើទោះបីជា​លោកប្រធានាធិបតី ត្រាំ ប្រកាស​ដកទ័ព​ក្ដី មន្ត្រី​មន្ទីរ​បញ្ច​កោណ​ពុំទាន់​បញ្ចេញ​ផែនការ​លម្អិត​នៃ​ការ​ដកទ័ព​នេះឡើយ​។ គេ​ឃើញ​មាន​សំណួរ​ជាច្រើន​ជុំវិញ​ប្រភេទ​កងទ័ព និង​បេសកកម្ម​បែបណា​ដែល​នឹងត្រូវ​ដកចេញ​។ បច្ចុប្បន្ន កងទ័ព​អាមេរិក​ជួយ​រក្សា​សន្តិសុខ ប្រឆាំង​ភេរវកម្ម និង​ផ្តល់យោបល់​យោធា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print