គ្រួសារក្រីក្រហើយ ប្ដីក៏មានជំងឺដេកនឹងកន្ទេល គ្មានថវិកាព្យាបាល ដង្ហើយរកសប្បុរសជនជួយឧបត្ថម្ភ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កំពុងតែខ្វះជម្រក រស់នៅ ដោយមានត្រឹមខ្ទមដ៏កំសត់ ជ្រកស្របតាមផ្លូវរថភ្លើង ខ្វះព្រឹក ខ្វះល្ងាច ស្ទើរតែរកអង្ករច្រកឆ្នាំងពុំបាន។ ទីបំផុត ក្រជាន់លើក្រ ខណៈពីរនាក់ប្ដីប្រពន្ធមានវ័យចំណាស់ និងមានកូន១ រូបក្នុងបន្ទុក ប្ដីដែលមានវ័យជាង៦០ឆ្នាំ កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ ដេកនឹងកន្ទេល ហើយគ្រួសារខ្វះលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីព្យាបាលជំងឺ។ ស្ត្រីជាភរិយា ក៏បានលើកដៃសំពះដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីបានថវិកាមួយចំនួន ទិញថ្នាំសង្កូវ និងមានលទ្ធភាពយកប្ដីទៅកាន់មន្ទីរពេទ្យ។
គ្រួសារដ៏កំសត់ខាងលើនេះ ប្ដីដែលមានជម្ងឺមានឈ្មោះថា សុខ នួន អាយុ ៦៤ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ សួន សួរ អាយុ ៥៤ឆ្នាំ និងមានកូនម្នាក់ រស់នៅភូមិលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីជាភរិយា ដែលកំពុងលើកដៃសំពះ អង្វរដល់សប្បុរជន ដើម្បីបានថវិកាសម្រាប់ព្យាបាលប្ដីរបស់ខ្លួន បាននិយាយឲ្យដឹងថា ៖ ប្ដីរបស់គាត់មានជំងឺដ៏រាំរៃ មានរយៈពេលជិតមួយឆ្នាំទៅហើយ តែខ្លួនខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ ក៏បានបង្ខំចិត្តយកប្ដីពីមន្ទីរពេទ្យស្រុកមង្គលបូរី មកកាន់ផ្ទះរបស់ខ្លួន ដែលជាខ្ទមដ៏កំសត់ នៅរបនិងផ្លូវរថភ្លើង។
ដោយក្តីអាណិតស្វាមី កំពុងតែមានជំងឺដេកនៅលើកន្ទេល គ្មានអ្វីដែលសង្ឃឹមថាខ្លួនមានលទ្ធភាព រកថវិកាព្យាបាលជំងឺប្ដីបានឡើយ។ ស្ត្រីជាប្រពន្ធបានត្រឹមតែលើកដៃសំពះដល់សប្បុរជនមេត្តាជួយឧបត្ថម្ភ ទោះតិចឬច្រើន គាត់ពិតជាត្រេកអរបំផុត ក្នុងកាលៈទេសៈកំពុងជួបការលំបាក ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សំណូមពរឲ្យអាជ្ញាធរ មេត្តាយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ដែលជាកូនចៅរបស់ខ្លួននោះផង។ តាមរយៈការអំពាវនាវ និងយកចិត្តទុកដាក់ជួយឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាល ប្រជាពលរដ្ឋក្រីក្រ ឲ្យបានសមរម្យ ហើយក៏ជាគុណធម៌ សីលធម៌ ក្នុងនាមខ្មែរជួយខ្មែរផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print