ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង មានករណីចោរឆក់កាបូបពីអាជីវករទិញបន្លែអស់ជិត១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ មិនធ្លាប់មានទេ! ជនរងគ្រោះត្រូវជនល្មើសឆក់យកកាបូបលុយដែលសរុបទាំងលុយដុល្លារនិងលុយខ្មែរ ជិត១ម៉ឺនដុល្លារឯណោះ តែជនរងគ្រោះបានអរគុណនគរបាលហើយដែលមកទទួលបណ្ដឹងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ សុខ បណ្តាំ ភេទស្រី ចំណែកបុរសជាប្តីមិនបានឱ្យស្គាល់អត្តសញ្ញាណទេ ស្នាក់នៅខេត្តកំពង់ស្ពឺ។ ចំពោះសម្ភារបាត់បង់ មានលុយខ្មែរ ជាង៣លានរៀល និងលុយដុល្លារជាង៥០០០ដុល្លារ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាមួយប្តីបានបើករថយន្តសាំយ៉ុងមួយគ្រឿងចេញពី ខេត្តកំពង់ស្ពឺមកផ្សារដើមគដូចសព្វដង ដើម្បីទិញបន្លែយកទៅលក់បន្តនៅឯខេត្ត។ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្តអែបចិញ្ចើមផ្លូវរង់ចាំម៉ូយយកបន្លែមកឱ្យ ដោយប្តីរបស់គាត់បានដេកក្នុងរថយន្ត ចំណែករូបគាត់បានចុះពីលើរថយន្តឈរលើផ្លូវ ហើយគាប់ជួនពេលនោះក៏ស្រាប់តែមានបុរសជាជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង គឺជិះក្រឡឹងមួយជុំ តែខ្លួនគាត់មិនបានចាប់អារម្មណ៍ ស្មានតែគេមកទិញបន្លែដូចគាត់ដែរ។ ជនសង្ស័យបានបើកម៉ូតូបត់ត្រលប់ក្រោយវិញ ក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីខ្លួន របស់គាត់យកទៅបាត់តែម្ដងបង្កការភ្ញាក់ផ្អើលដល់ប្រជាបលរដ្ឋនៅទីនោះ។
លុះប្រហែលជាកន្លះម៉ោងក្រោយមក ទើបដំណឹងនេះបានឮដល់សមត្ថកិច្ច មូលដ្ឋាន ក៏ចុះទៅសាកសួរនិងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅកណ្តាលផ្លូវ ដោយមិនចាំបាច់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២នោះទេ។
គេសង្កេតឃើញថា ករណីឆក់ខាងលើនេះជនរងគ្រោះមានការសោកស្ដាយលុយកាក់ដែលបាត់បង់ពិតមែនតែសំខាន់នគរបាលបានមកទទួលបណ្ដឹងដល់ទីតាំងកន្លែងកើតហេតុរូបគាត់ទាំង២នាក់ប្ដីប្រពន្ធ ក៏មានទំនុកចិត្តលើនគរបាលដែរ ក្រោយពីឃើញសកម្មភាពនគរបាលយកចិត្តទុកដាក់នឹងបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print