សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ខែវិច្ឆិកាបានផ្សាយថា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានមានគម្រោងដាក់ក្រុមហ៊ុនចិនចំនួន៨៩ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយកម្លាំងទាហានចិន។ ក្រុមហ៊ុនទាំងនោះនឹងត្រូវហាមប្រាមទិញទំនិញពីអាមេរិក ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនចិនដែលស្ថិតនៅក្នុងបញ្ជីខ្មៅ គឺត្រូវហាមទិញទំនិញពីអាមេរិក។ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺមានក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មរបស់ចិន (COMAC) ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (AVIC) ព្រមទាំង ក្រុមហ៊ុន១០ ផ្សេងទៀត។
ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (AVIC) គឺជាក្រុមហ៊ុនធំរបស់រដ្ឋដោយមានក្រុមហ៊ុនកូន (សាខា)ចំនួន១០០កន្លែងមានបុគ្គលិកជាង៤៥០ពាន់នាក់។ កាលពីខែមិថុនារដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានដាក់បញ្ជូលក្រុមហ៊ុនខាងលើក្នុងបញ្ជីជាប់ពាក់ព័ន្ធជាមួយកម្លាំងទាហានដែរ។
នៅពេលនេះគណៈកម្មការមូលបត្រអាមេរិកបានព្យាយាមដកក្រុមហ៊ុនចិនចេញពីទីផ្សារមូលបត្រ ប្រសិនបើរកឃើញថាក្រុមហ៊ុនទាំងនោះមានកំហុស ។ អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន មុនពេលដែលរដ្ឋាភិបាលរបស់លោកត្រាំបញ្ចប់អាណត្តិនាថ្ងៃទី២០ខែមករាឆ្នាំ២០២១៕