អន្តរជាតិ៖ ដើម្បីស្អំទំនាក់ទំនងជាមួយប្រទេសហ្វីលីពីន ឲ្យកាន់តែប្រសើរឡើងវិញ នឹងជួយប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើវាស្ថិតក្រោមការវាយប្រហារ នៅក្នុងដែនសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានជម្លោះផងនោះ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅល្ងាចថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រ៊ីយែន (Robert O’Brien) គឺជាអ្នកតំណាងឲ្យលោកប្រធានាធិបតីអាមេរិ ដូណាល់ ត្រាំ នៅក្នុងពិធីដែលប្រព្រឹត្តឡើងនៅថ្ងៃចន្ទដដែលនេះ នៅឯក្រសួងការបរទេសក្នុងទីក្រុងម៉ានីល (Manila) ជាកន្លែងដែលលោកបានប្រកាសប្រគល់សម្ងាត់មីស៊ីលនិងគ្រាប់បែកដល់យោធាហ្វីលីពីន។
សូមរម្លឹកដែរថា កាលពីខែមេសាកន្លងទៅនេះលោក ដូណាល់ ត្រាំ បានសន្យាតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ថា លោកនឹងផ្ដល់មីស៊ីលដែលមានតម្លៃ ១៨លានដុល្លាដល់ប្រទេសហ្វីលីពីន។
ជាមួយគ្នានេះ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏បានចូលរួមរំលែកទុក្ខដល់ប្រទេសហ្វីលីពីន បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង ដែលបានបន្សល់ទុកនូវការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើននៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានប្តេជ្ញាផ្តល់ជំនួយដល់ហ្វីលីពីន ដែលកំពុងប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតនៃ COVID-19 ផងដែរ៕ដោយ៖ស តារា