ខេត្តកណ្តាល ៖ បុរសម្នាក់បានប្រទះឃើញសមាជិកគ្រួសាររបស់ខ្លួនចង.កស្លាប់នៅក្នុងរោងដាក់អុសក្បែរផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពាមផ្ទោលលិច ឃុំលើកដែក ស្រុកកោះធំ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស្រ៊ាង ស្រ៊ឺ ភេទស្រី អាយុ៦២ឆ្នាំ ជាមនុស្សមានជម្ងឺសសៃប្រាសាទ ពុំមានប្តីនិងកូនទេ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទីទី១៤ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះបានចូលទៅដេកនៅលើផ្ទះជាធម្មតា ដោយពុំមាននរណាម្នាក់ដឹងថាមានរឿងអ្វីកើតឡើងនោះទេ ។ លុះព្រឹកឡើងបុរសជាបងថ្លៃបានដើរទៅកន្លែងដាក់អុស ក្នុងបំណងយកអុសមកដុត ក៏ប្រទះឃើញជនរងគ្រោះចង.កស្លាប់ ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ,ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើការពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានតែស្នាមនៅលើ.កតែប៉ុណ្ណោះ ។ ជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន ពុំមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ។ បន្ទាប់ពីពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ