ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកស្រីបណ្ឌិត Devyani Uttam Khobragade ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង វេលាម៉ោង១១ ព្រឹក ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងឱកាសដែលលោកស្រីបណ្ឌិត ត្រូវបានរដ្ឋាភិបាលនៃ សាធារណរដ្ឋឥណ្ឌា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ អង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះ វត្តមានលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងបាន ប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ជូនលោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត ទទួលបានផ្តិលប្រាក់ ស្វាមី ទទួលបានថាសប្រាក់ ដែលជាងចម្លាក់ប្រកបដោយទេព្យកោសល្យខ្ពស់របស់ខ្មែរ បានចម្លាក់ដោយដៃរំលេចនូវក្បាច់ផ្កាភ្ញីតាមចម្លាក់ប្រពៃណីបុរាណដ៏រុងរឿងរបស់ខ្មែរ ។
ក្រៅពីនេះបានប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ជាសៀវភៅឯកសារស្តី អំពីព្រះរាជសកម្មភាព និងព្រះរាជហឬទ័យដ៏ប្រសើរថ្លៃថ្លាបំផុត របស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឧទ្ទិស ចំពោះប្រជាជាតិ ប្រជារាស្ត្រកម្ពុជា, សៀវភៅស្តីពីព្រះរាជជីវប្រវត្តិ និងស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមជាប្រវត្ថិសាស្ត្ររបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏អស្ចារ្យបំផុត ក្នុងការទាមទារបានមកវិញនូវឯករាជ្យ បូរណភាពទឹកដីខ្មែរ បានគង់វង្ស ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតក្នុងព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ ព្រះរាជកិច្ចព្រះរាជស្ថាបនា ព្រះរាជសមិទ្ធិផលកសាងសង្គមមានការរីកចម្រើនរុងរឿងតាំងពីក្នុងសម័យសង្គមរាស្រ្តនិយមរហូតដល់ពេលបច្ចុប្បន្ន, សៀវភៅអំពីព្រះរាជសកម្មភាពក្នុង ព្រះរាជពិធីបុណ្យជាប្រវត្តិសាស្រ្តនៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ នៃអង្គព្រះករុណាព្រះមហាក្សត្រ, សៀវភៅប្រវត្តិព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ និងសៀវភៅអំពីព្រះមហាក្សត្រ និងព្រះបរមរាជវាំងនៅព្រះរាជាណាចក្រកម្ពជា ។
ដោយឡែកលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្វាយដង្វាយ វត្ថុអនុស្សាវរីយ៍ជាផ្ទាំងគំនូររូបភាពស្តីអំពី ភាពសម្បូរនៃសត្វព្រៃ ព្រមទាំងសៀវភៅស្តីអំពីជីវិតសាស្រ្ត របស់សាធារណរដ្ឋឥណ្ឌា។ វត្ថុដ៏មានតម្លៃនេះ ថ្វាយបង្ហាញពីមនោសញ្ចេតនា គោរពដ៏ខ្ពង់ខ្ពស់ថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំមកនូវមិត្តភាពដ៏ជ្រាលជ្រៅសំរាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print