មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលីស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ

ចែករំលែក៖

អន្តរជាតិ៖ប៉ូលីសថៃកោះហៅមេដឹកនាំបាតុកម្មថៃចំនួន ១២រូប  ដើម្បីសួរចម្លើយជុំវិញការបរិហារកេរ្តិ៍ព្រះមហាក្សត្របន្ទាប់ពីលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានផ្តល់ភ្លើងបៃតងដល់អាជ្ញាធរអាចប្រើប្រាស់ច្បាប់គ្រប់ទាំងអស់ ដើម្បីដោះស្រាយជាមួយបាតុករ ដែលបំពានច្បាប់ ហើយនេះ គឺជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៨ ដែលច្បាប់ការពារព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ឡើងវិញ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ បាននិយាយថា ក្នុងចំណោមអ្នកទាំង ១២នាក់នោះ មានមនុស្សមួយចំនួន ធ្លាប់រងនូវបទចោទ ជុំវិញបាតុកម្មនៅថៃកន្លងមក អ្នកទាំងនោះមានដូចជា មេធាវីការពារសិទ្ធិមនុស្សលោក Anon Nampa, លោក Anon Numpha និងមេដឹកនាំនិស្សិត កញ្ញា Panusaya Sithijirawathanakul និងលោក Parit Chiwarak ជាដើម

គួរជម្រាបថា បច្ចុប្បន្នបាតុកម្ម នៅថៃហាក់ដូចជាកើនឡើងកម្តៅជាងមុន ដោយសារក្រុមបាតុករនៅតែទទូចឲ្យលោកប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង វិសោធនកម្មរដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រជាដើម ស្របពេលគ្នានេះលោកនាយករដ្ឋមន្ត្រី បានផ្តល់ភ្លើងបៃតង ដល់អាជ្ញាធរអាចប្រើប្រាស់ច្បាប់ផ្សេងៗ ដើម្បីទប់ទល់ជាមួយក្រុមបាតុករណា ដែលហ៊ានបំពានស្ថាប័នព្រះមហាក្សត្រ និងមិនគោរពច្បាប់ជាដើម

ជុំវិញនឹងបញ្ហានេះដែរពាក់ព័ន្ធច្បាប់ការពារព្រះមហាក្សត្រនេះ មេដឹកនាំក្រុមបាតុកម្មថៃចំនួន ១២រូប ត្រូវបានប៉ូលីសថៃកោះហៅទៅសួរចម្លើយ ជុំវិញបទបរិហារកេរ្តិ៍មហាក្សត្រ តាមមាត្រា ១១២នៃក្រមព្រហ្មទណ្ឌថៃ ជនទាំងឡាយណា ដែលបានបង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់និងគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី និង ព្រះញាតិវង្សានុវង្ស អាចជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ

សូមជម្រាបថា ក្រុមបាតុករថៃ កន្លងទៅបានប្រកាសថា នឹងធ្វើបាតុកម្មនៅមុខការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ នៅថ្ងៃទី២៥ខែវិច្ឆិកា ដើម្បីទាមទារឲ្យមហាក្សត្រ មហា ជិរាលង្ករណ៍ បោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ទោះជាយ៉ាងណាក្តីបាតុករបានផ្លាស់ប្ដូរទីតាំងតវ៉ាវិញ ខណៈដែលប៉ូលិសបានបិទផ្លូវជុំវិញរាជវាំង និងស្នាក់ការការិយាល័យទ្រព្យសម្បត្តិស្ដេច ប៉ូលិសថៃត្រៀមដាក់ពង្រាយកម្លាំងប្រមាណពាន់នាក់ ដើម្បីគ្រប់គ្រងក្រុមបាតុករ

គួរបញ្ជាក់ថា កន្លងមកបើតាមការប៉ាន់ស្មានមហាក្សត្រ មហា ជិរាលង្ករណ៍ បានកាន់កាប់ទ្រព្យសម្បត្តិ ដែលមានតម្លៃប្រមាណពី៣០ ទៅ៤០ពាន់លានដុល្លារ យ៉ាងណាមិញ តម្លៃទ្រព្យសម្បត្តិជាក់លាក់ នៅតែរឿងសម្ងាត់ និងមិនទាន់ត្រូវបានទម្លាយជាសាធារណៈនៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print