សិល្បករ៦រូបដែលប្រឈមនឹងបញ្ហាជីវភាពនិងមានជំងឺទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជើងចាស់ចំនួន៦រូបដែលខ្លះចាស់ជរាមានជំងឺបាត់បង់សមត្ថភាពសម្តែង ខ្លះមានបញ្ហាប្រឈមនឹងជីវភាពបានទទួលអំណោយពីសប្បុរសជនតាមរយៈកម្មវិធី”ស្ករគ្រាប់សិល្បៈ”ដែលផ្តើមគំនិតដោយលោកអ៊ឹម ជីវ៉ា រួមទាំងសិល្បករមួយចំនួនទៀត។ កម្មវិធិប្រគល់អំណោយនេះត្រូវបានរៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ កុម្ភៈ​នេះ នៅក្នុងបរិវេន​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន្ត សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​សិល្បៈករ​ជើង​ចាស់​ទាំង​៦ រូប​រួមមាន លោកគ្រូ មាស សារ៉ាន់ តារាចំរៀង​, លោកតា ប៉ិ គក់ តារា​កំប្លែង​, លោកតា គុយ ហ៊ី​ន​អ្នកចំរៀង​ចាប៉ី​ដង​វែង​, តារាសម្តែងជើងចាស់អ្នកស្រី ផល្លារ, អ្នកសម្តែងជើងចាស់អ្នកស្រីឃុន នារីហៅយាយស្វិត និងតារាសម្តែងលោក សារ​ម៉ុត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ អំណោយដែលសិល្បករទទួលបានមានដូចជា​ មី​មួយ​កេស ទឹកក្រូច​មួយ​កេស ថវិកា ២០ ម៉ឺន​រៀល រួម​សម្ភារៈ​ផ្សេងៗ មួយកញ្ចប់ និង​បន្ថែម​ថវិកា បានមក​ពី ព្រះគ្រូ​នី​សុវណ្ណ​មុនី​រ៉េត ២០ ម៉ឺន​រៀល​។ថវិការពីលោក ទុំសារ៉ុត ហៅនាយឃ្លោក និងពីអ្នកស្រីថុង ស៊ីវទៀងអគ្គនាយិការផលិតកម្មចក្រវាឡភាពយន្តមួយចំនួនទៀត។ បន្ថែមលោកនេះសម្រាប់អ្នកស្រីឃុន នារី ហៅយាយស្វិតដែលកំពុងមានជំងឺក្រិនថ្លើមទាចទឹកនោះក៏ទទួលបាននូវថវិការបន្ថែមពីអ្នកស្រីថុង ស៊ីវទៀត និង ព្រះគ្រូនីសុវណ្ណមុនីរ៉េតបន្ថែមផងដែរ។
​លោក អ៊ឹម ជីវ៉ា ដែលជាអ្នកផ្តូចផ្តើមរៀបចំកម្មវិធី”ស្គរគ្រាប់សិល្បៈ”នេះបានបញ្ជាក់ថា ទោះជាមានការតិតៀនខ្លះពីបុគ្គលមួយចំនួនទាក់ទងនឹងកម្មវិធីនេះក្តីក៏លោកនៅតែបន្តបញ្ចប់ការផ្តល់ជូនអំណោយសម្រាប់សិល្បករដែលលំបាកៗមួយចំនួដែរ។ លោកបញ្ជាក់ថា ការបង្កើតកម្មវិធីនេះគឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់និងអត់ទ្រាំមើលការលំបាករបស់ពួកគាត់មិនបាន។ លោកបញ្ជាក់ថារយៈពេលខ្លីប៉ុណ្ណោះដែលលោកជួបសិល្បករនិងសប្បុរជនមួយចំនួនតូចដើម្បីស្នើឲ្យពួកគាត់ជួយទិញស្ករគ្រាប់ដើម្បីយកថវិកាដែលលក់បានទៅជួយដល់សិល្បករកំពុងជួបបញ្ហាប្រឈមពិសេសទាក់ទងនឹងជីវភាព។ លោកថា ថវិការសរុបនៃការលក់មានចំនួនជាង៤០០ដុល្លារអាមេរិកដែលនឹងប្រគល់ជូនដល់សិល្បករទាំង៦រូបខាងលើ។
​ព្រះតេជគុណនី សុវណ្ណមុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃនន្ទ ង៉ែត មានសង្ឃដីការថា ជាញឹកញាប់ព្រះតេជគុណ រួមទាំងសប្បុរសជនមួយចំនួនទៀតពិសេស លោកស្រីឧកញ៉ា សៀង ច័ន្ទហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍បានចូលរួមចែករំលែកផ្តល់ជាអំណោយទាំងសម្ភារៈនិងបច្ច័យមួយចំនួនជូនដល់ជនក្រីក្រខ្វះទីពឹង។ ព្រះតេជគុណមានសង្ឃដីការដែរថា ការចែកទានដល់ញោមប្រុសស្រីដែលជាសិល្បករមានជំងឺងខ្លះជរា ខ្លះមានបញ្ហាខ្វះខាតផ្នែកជីវភាពនេះគឺជាទានដ៏ជ្រះថ្លាកើតចេញពីទឹកចិត្តអាណិតស្រលាញ់ចំពោះសិល្បករដែលធ្លាប់ចំណាយកម្លាំងញើសឈាមជួយបង្កើតការសប្បាយដល់ទស្សនិកជន។
​អតីតតារាកំប្លែង លោកទុំ សារ៉ុតហៅនាយឃ្លោក បានបញ្ជាក់ថា ក្រៅពីជួយទិញស្ករគ្រាប់លោកក៏ជួយថវិការមួយចំនួនតូចដល់សិល្បករដែលមានបញ្ហាចំពោះមុខ។លោកបញ្ជាក់ថា នេះគឺជាទឹកចិត្តតិចតួចស្តួចស្តើង ប៉ុន្តែអ្វីទាំងអស់ផុសចេញពីទឹកចិត្តអាណិតស្រលាញ់។ លោកបញ្ជាក់ថា សិល្បករដែលមកទទួលអំណោយនៅពេលនេះពួកគាត់ចាស់ជរាទៅហើយហើយក៏គ្មានក្របខណ្ឌក្នុងការទទួលបា្រក់បៀវត្សរ៍អ្វីដែរសម្រាប់ការចំណាយទ្រទង់ជីវភាព។ លោកបញ្ជាក់ថា ក៏មានសិល្បករមួយចំនួនដែលមានជំងឺប្រចាំកាយហើយនៅតែព្យាយាមខិតខំសម្តែងដើម្បីជីវភាពផងដើម្បីបម្រើការកម្សាន្តការសប្បាយរបស់មហាជន៕ វឌ្ឍនា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print