ភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណះកំពុងដើរតាមផ្លូវ៣៧១ បានឃើញប្ដីប្រពន្ធពីរនាក់ ឈប់ម៉ូតូដើរចូលម៉ាត២៥០០ ដោយភ្លេចយកទូរស័ព្ទ ដែលទុកក្នុងឃ្លុបម៉ូតូ ឃើញឱកាសល្អ ជនសង្ស័យ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទ ស្រាប់តែត្រូវម្ចាស់ឃើញទាន់ ស្រែកថាចោរៗ បណ្តាលឲ្យផ្អើលឆោរឡោរ ដល់ប្រជាពលរដ្ឋ នាំគ្នាដេញចាប់ប្រថាប់ចាប់ប្រភីង រួចស្វាគមន៍ ម្នាក់មួយដៃមួយជើង ឡើងប៉ោងមុខ ទើបប្រគល់អោយសមត្ថិកច្ច ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះ គុន ហៅហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបមិនពិតប្រាកដ ស្នាក់នៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯជនរងគ្រោះឈ្មោះ វ៉ា ស៊ីចាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរ ធ្វើការនៅរោងសិប្បកម្ម ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមការៀបរាប់ពីម្ចាស់ទូរស័ព្ទបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់ពីរនាក់ប្រពន្ធបានជិះម៉ូតូឌុបគ្នាមកទិញសោនៅហាង២៥០០៛ ហើយបានទុកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន6នៅក្នុងម៉ូតូខាងមុខ។ ពេលដែលចូលទិញបានសោហើយក៏នាំប្រពន្ធចេញមកវិញ ស្រាប់ឃើញជនសង្ស័យម្នាក់កំពុងលូកយកទូរស័ព្ទពីក្នុងម៉ូតូ ហើយរូបគាត់ក៏បានស្រែកផ្អើលអ្នកធ្វើដំណើរដេញចាប់និងព្រួតគ្នាវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីសាកសួរ រួចធ្វើកំណត់ហេតុ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីម ភារ៉ា ដង្កោ