ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការធ្វើបទបង្ហាញពី ឯកឧត្តម សុខសប្បាយណា តំណាង ស.ស.យ.ក ស្តីពីគម្រោងលម្អិតទាក់ទងទៅនឹងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦។
ជាលទ្ធផល លោករដ្ឋមន្រ្តី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ហ៊ុន ម៉ានី និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យចាប់តាំងពីឆ្នាំ២០១៣មក។
លោករដ្ឋមន្រ្តី ក៏បានគាំទ្រ និងទទួលយកនូវសំណូមពររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលរួមមានដូចជា ការផ្សព្វផ្សាយស៉្បតអង្គរសង្រ្កាន្តតាមទូរទស្សន៍ CNN និងពិព័ណ៍ទេសចរអន្តរជាតិ ការបំផុសការចូលរួមរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ព្រមទាំងការរៀបចំការសំដែងក្បាច់គុនល្បុក្កតោនៅមុខប្រាសាទអង្គរវត្តជាដើម។
ជាចុងក្រោយភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំឲ្យមានការប្រកួតប្រជែង មគ្គុទេសក៏ឆ្នើមជាយុវជន និងចុងភៅឆ្នើមជាយុវជន ដើម្បីអបអរសាទរអង្គរសង្រ្កាន្តឆ្នាំ២០១៦៕
ដោយ៖ ក្រសួងទេសចរណ៍