ដើម្បីទប់ស្កាត់ជនភៀសខ្លួនពីបារាំងទៅអង់គ្លេស, ចក្រភពអង់គ្លេស និងបារាំង បានចុះកិច្ចព្រមព្រៀងមួយ

ចែករំលែក៖

អន្តរជាតិ៖ ចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ជនភៀសខ្លួន ដែលជិះទូកឆ្លងពីបារាំង ទៅអង់គ្លេស។ ប៉ុន្តែការចុះកិច្ចព្រមព្រៀងមួយនេះ ក៏បានរងប្រតិកម្មយ៉ាងខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលផងដែរ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ អង់គ្លេស និងបារាំងបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ និងគាំមើលលំហូរជនភៀសខ្លួនខុសច្បាប់។

បើតាមការបញ្ជាក់របស់លោកស្រី Priti Patel រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានការបន្ថែមអាជ្ញាធរជាច្រើននាក់នៅឆ្នេររបស់បារាំង រួមទាំងសម្ភារទំនើបផ្សេងទៀត ដូចជាដ្រូន និងរ៉ាដាជាដើម។ លោកស្រី Patel បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«យើងបានឃើញរួចហើយថា មានជនភៀសខ្លួនតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានឆ្លងច្រកសមុទ្រពីឆ្នេររបស់បារាំង» រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសរូបនេះ បានលើកឡើងទៀតថា ភាពជោគជ័យនេះ គឺកើតចេញពីការបំពេញកាតព្វកិច្ចរបស់សមត្ថកិច្ចល្បាតនៅឆ្នេរបារាំង និងការចែករំលែកព័ត៌មានរវាងទីភ្នាក់ងារអនុវត្តច្បាប់ និងកម្លាំងសន្តិសុខរបស់អង់គ្លេស។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២០នេះ មនុស្សជាច្រើន រួមទាំងក្មេងផង បានជិះទូកតូចៗ ដើម្បីឆ្លងពីជំរំជនភៀសខ្លួននៅបារាំង ទៅអង់គ្លេសដោយខុសច្បាប់។ សកម្មភាព ជិះទូកឆ្លងរបស់ជនភៀសខ្លួននេះ គឺគ្រោះថ្នាក់ណាស់ ដោយសារតែច្រកសមុទ្រពីបារាំង ទៅអង់គ្លេស គឺជាច្រកសមុទ្រ ដែលមានភាពមមាញឹកផ្នែកនាវាចរណ៍ ហើយទូករបស់ជនភៀសខ្លួន តែងតែផ្ទុកមនុស្សលើសចំណុះ ដែលបង្កឲ្យមានករណីលិចជាញឹកញាប់។

បើតាមការអះអាងរបស់អង្គការលើកលែងទោសអន្តរជាតិ កិច្ចព្រមព្រៀងបារាំងអង់គ្លេស បានបង្កឲ្យមានការខកចិត្តយ៉ាងខ្លាំង។ ចំណែកក្រុមសិទ្ធិមនុស្សផ្សេងទៀត បានជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស ស្វែងរកវិធីផ្សេង ដែលល្អជាងនេះ ដើម្បីឲ្យមនុស្សអាចស្វែងរកសិទ្ធិជ្រកកោណនៅអង់គ្លេសបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យអង្គការសិទ្ធិមនុស្ស មិនពេញចិត្តឡើយ។

ចំណែកអាជ្ញាធរបារាំង ក្នុងឆ្នាំ២០២០នេះ បានបញ្ឈប់ជនភៀសខ្លួនឆ្លងពីបារាំងទៅអង់គ្លេស ប្រមាណ ៥ពាន់នាក់ ចំណែកទឹកប្រាក់វិញអង់គ្លេសបានផ្តល់ឲ្យបារាំងប្រមាណ ១៧៧,៩លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។

គួរបញ្ជាក់ថា លោកស្រី Patel និងសមភាគីបារាំង លោក Gerald Darmanin នៅក្នុងចុះកិច្ចព្រមព្រៀងនេះដែរ ក៏បានលើកឡើងថា ពួកគេសន្យាធ្វើឲ្យច្រកសមុទ្របារាំងអង់គ្លេស មិនអាចឲ្យជនភៀសខ្លួនឆ្លងកាត់បាន។ បន្ថែមពីលើនេះ បារាំង និងអង់គ្លេស នឹងជជែកគ្នាបន្ថែមទៀត ដើម្បីបន្ថយសម្ពាធជនភៀសខ្លួននៅឆ្នាំក្រោយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print