សភា​អ៊ីរ៉ង់ ចេញ​សេចក្តីថ្លែងការណ៍​មួយស្នើឲ្យ​បញ្ចប់​ការត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​នឹងករណីបាញ់សម្លាប់លោក​Fakhrizadeh

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​ជាការ​ឆ្លើយតប​នឹង​ករណី​បាញ់សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ លោក Mohsen Fakhrizadeh នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ សភា​អ៊ីរ៉ង់ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ស្នើ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​ការត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ​លើ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន។

ជាក់ស្តែង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកាថ្មីៗនេះ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei​ បានប្រកាស​សងសឹក​វិញ នៅក្នុង​ពេលវេលា​ត្រឹមត្រូវ​ណាមួយ​។ ព្រោះលោក Mohsen Fakhrizadeh ជា​បុគ្គល​មួយរូប ដែល​អ៊ីស្រាអែល​ចាត់ទុកថា ជា​អ្នក​វិ​ទ្យ​សាស្ត្រ​កំពូល​ទទួលបន្ទុក​កម្ម​វិធី​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​របស់​អ៊ីរ៉ង់ ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅក្នុង​ទីក្រុង Absard ភាគ​ខាងកើត​រដ្ឋធានី​តេ​ហេ​រ៉ង់​។

​សូមជម្រាបថា មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​សងសឹក​រប​ស់មេ​ដឹកនាំ​កំពូល សភា​អ៊ីរ៉ង់ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចុះហត្ថលេខា​ដោយ​សមាជិកសភា​ទាំងអស់ ដោយ​ស្នើ​ឲ្យ​បញ្ឈប់​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​លើ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​។ បើតាម​សេចក្តីថ្លែងការណ៍​នេះ សមាជិកសភា​អ៊ីរ៉ង់ អំពាវនាវ​ឲ្យ​មានការ​ឆ្លើយតប​ភ្លាមៗ និង​ដាក់ទណ្ឌកម្ម​លើ​សកម្មភាព​ឈ្លានពាន​របស់​បរទេស ហើយ​វិធី​ល្អ​បំផុត គឺ​ដំណើរការ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ឡើងវិញ​។​

​សភា​អ៊ីរ៉ង់ បន្តថា ដើម្បី​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើងវិញ គឺ​ត្រូវ​បញ្ចប់​ការអនុវត្ត​ដោយ​ស្ម័គ្រចិត្ត​លើ​ពិធីការ​បន្ថែម​មួយចំនួន និង​បញ្ចប់​ការត្រួតពិនិត្យ​របស់​ទីភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ (IAEA)​។ នេះបើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​Al Jazeera ។

ដោយឡែកសេចក្តីថ្លែងការណ៍​នេះ មិនមាន​អំណាច​ចាប់បង្ខំ​អ្វី សភា​អ៊ីរ៉ង់ កំពុង​តាក់តែង​សេចក្តីស្នើច្បាប់​មួយ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីអំពាវនាវ​ខាងលើ​។ ព្រោះសេចក្តីស្នើច្បាប់​លុបចោល​ទណ្ឌកម្ម មាន​ចំនួន ៩​មាត្រា ដែល​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ត្រលប់​ទៅ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម យ៉ាងហោចណាស់ ១២០​គីឡូក្រាម ឬ​២០​ភាគរយ​ក្នុង​មួយឆ្នាំ ដំណើរការ​រោងចក្រ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម Fordow ឡើងវិញ និង​បង្កើន​ចំនួន​ម៉ាស៊ីន​បំបែក​សារធាតុ​ឲ្យ​កាន់តែច្រើន​។

​ជាក់ស្តែងសេចក្តីថ្លែងការណ៍​រប​ស់​អ៊ីរ៉ង់​ខាងលើ នៅតែ​បន្ត​ចោទ​អ៊ីស្រាអែល​ដដែល​ថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​សម្លាប់​លោកFakhrizadeh​។ បើតាម​អ៊ីរ៉ង់ ការសម្លាប់​លោក Fakhrizadeh គឺ​អ៊ីស្រាអែល មិន​ចង់ឃើញ​អ៊ីរ៉ង់​ត្រលប់​មករក​ស្ថានភាព​ធម្មតា​វិញ​ឡើយពោល​គឺជា​ស្ថានការណ៍ ដែល​អ៊ីរ៉ង់​មិន​រង​ទណ្ឌកម្ម​របស់​អន្តរជាតិ និង​ប៉ះពាល់​ប្រយោជន៍​មួយចំនួន​អ៊ីស្រាអែល​។

គួររម្លឹកផងថា តាមរយៈ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​បាន​ដកខ្លួន​ចេញ អ៊ីរ៉ង់​បាន​យល់ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួននិង​អនុញ្ញាត​ឲ្យ​អង្គការ IAEA ត្រួតពិនិត្យ​ការ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ ដើម្បី​ដោះដូរ​ជាមួយនឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​។ ចំណែក​ការស្ម័គ្រចិត្ត​លើ​ពិធីការ​បន្ថែម​មួយចំនួន ជា​វិធានការ​របស់​អ៊ីរ៉ង់ ដែល​ផ្តល់​ឲ្យ​អង្គការ IAEA ក្នុងការ​ពិនិត្យ​ការប្រើប្រាស់​សម្ភារៈ​នុយក្លេអ៊ែរ​ផ្សេងៗ​។

​បច្ចុប្បន្ន សាកសព​របស់លោក Fakhrizadeh ត្រូវ​បញ្ចុះ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមាន​វត្តមាន​រប​ស់​ក្រុមគ្រួសារ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់ ប៉ុន្តែ​អ្នកនាំពាក្យ​យោធា​អ៊ីរ៉ង់ មិនបាន​បញ្ជាក់​ទេ ថា​តើ​ពិធី​បុណ្យសព​របស់​អ្នកជំនាញ​នុយក្លេអ៊ែរ​រូបនេះ នឹងត្រូវ​ធ្វើ​នៅ​កន្លែង​ណា​ឡើយ​? ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print