ភ្នំពេញ៖កម្មករសំណង់ម្នាក់បានស្លាប់កប់នៅក្នុងស៊ីម៉ង់ និងកម្មករ២នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ដោយសារករណីបាក់ក្តារពុម្ពចាក់ប្លង់សេសំណង់អគារផ្សារត្រពាំងថ្លឹងសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
ហេតុការណ៍បាក់ក្តារពុម្ពចាក់ប្លង់សេសំណង់អគារផ្សារត្រពាំងថ្លឹងសង្កត់ពីមកលើកម្មករ ដែលបណ្តាលឲ្យស្លាប់ និងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងចំណុចសំណង់អគារផ្សារត្រពាំងថ្លឹង ដែលមានទីតាំងនៅតាម បណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅ ភូមិកំពុងពោ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកអ្នករងរបួសធ្ងន់ទាំង២នាក់ ទី១ឈ្មោះ អ៊ុន អឿនភេទប្រុស អាយុ៤២ឆ្នាំ និងទី២ឈ្មោះ អ៊ុន អៀម ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាបងប្អូនបង្កើតនិងគ្នា មានស្រុកកំណើតនៅភូមិបារាយ ឃុំបារាយ ក្រុងព្រៃវែង ខេត្តព្រៃវែង បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ស្នាក់នៅកន្លែងកើតហេតុ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ កម្មករចំនួន៨នាក់ កំពុងធ្វើការ ដោយ៥នាក់នៅខាងលើ និង៣នាក់ផ្សេងទៀត (ជនរងគ្រោះ) នៅខាងក្រោម ខណៈឡានស៊ីម៉ង់កំពុងបាញ់ស៊ីម៉ង់ ដើម្បីចាក់ប្លង់សេជាន់ផ្ទាល់ដី ស្រាប់តែបាក់ក្តារពុម្ពសង្កត់ពីលើកម្មករចំនួន៣នាក់នៅខាងក្រោម បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងមនុស្ស២នាក់ ទទួលរងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយមានគ្រឿងចក្រ( អេស្កាវទ័រ) និងប្រជាពលរដ្ឋជួយកាយយកជនរងគ្រោះពីក្នុងគំនរស៊ីម៉ង់ ដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។ ចំណែកជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
សមត្ថកិច្ចប្រាប់ថា កន្លែងដែលបាក់ក្តារពុម្ពសង្កត់កម្មករស្លាប់ និងរបួសនោះ មានប្រវែង ប្រហែងជាង៥ម៉ែត្រ ទើបសាងសង់ព្រឹកថ្ងៃកើតហេតុនេះតែម្តង ។ ដោយឡែកក្រុមហ៊ុន ដែល ទទួលការសាងសង់នោះ មានឈ្មោះ ក្រុមហ៊ុន ទូច ប៊ុនធឿន ចំណែកមេការបានរត់គេចខ្លួន បាត់ស្រមោល បន្ទាប់ពីកើតហេតុភ្លាមៗ។
សមត្ថកិច្ចប្រាប់បន្តថា ពាក់ព័ន្ធទៅនឹងករណីបាក់ក្តារពុម្ពចាក់ប្លង់សេសំណង់អគារផ្សារត្រពាំងថ្លឹងសង្កត់ពីលើកម្មករសំណង់ បណ្តាលឲ្យស្លាប់ និងរងរបួសនេះ អាជ្ញាធរខណ្ឌពោធិសែនជ័យ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ ៕ សុខា សែនជ័យ
ព័ត៍មានលំអិតករណីបាក់ប្លង់សេសំណង់ព្រឹកមិញ បាក់ក្តារពុម្ពចាក់ប្លង់សេសំណង់អគារផ្សារត្រពាំងថ្លឹងសង្កត់កម្មករស្លាប់ម្នាក់និងរបួសធ្ងន់២នាក់
...