ភ្នំពេញ ៖ ចោរលួចទូរស័ព្ទម្នាក់ត្រូវបានជនសង្ស័យឃាត់ខ្លួន បន្ទាប់ពីគេបានលួចទូរស័ព្ទ ពីនិស្សិតស្រីម្នាក់ ហើយព្យាយាមគេចខ្លួន តែត្រូវម្ចាស់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ច តាមចាប់បានបង្កការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចសួនច្បារមុខកំពង់ចម្លងអរិយក្សត្រ ផ្លូវសួនថ្មី ស្ថិតក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចាន់ សឿន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរនិងទីលំនៅច្បាស់លាស់។ ចំណែកនារីរងគ្រោះឈ្មោះកឹម ឆេងហាន់ ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិតសិក្សានៅសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី៣។
តាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងនិងមិត្តភក្ដិ កំពុងអង្គុយទទួលទានមីឆានៅម្ដុំសួន ក្បែរកំពង់ចម្លងអរិយក្សត្រ ដោយទុកទូរស័ព្ទមួយគ្រឿងម៉ាកសាំសុងនៅលើស្មៅក្បែរខ្លួន។ ពេលនោះស្រាប់តែជនសង្ស័យខាងលើ មកឆក់ទូរស័ព្ទពីនាង ហើយព្យាយាមរត់គេចខ្លួន តែនាងបានស្រែកឆោឡោ ផ្អើលដល់អ្នកនៅក្បែរ និងសមត្ថកិច្ចនាំគ្នាតាមចាប់ជនសង្ស័យបាន។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់ចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទដែលចោរលួចនោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ដើមវិញ៕ វិបុល