អន្តរជាតិ៖ បើតាមការចុះផ្សាយទីភ្នាក់ងារញូវយ៉កថែមស៍ (NYT) បានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់គម្រោងជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិកូ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានមុនពេលការផ្លាស់ប្តូររដ្ឋបាលអាមេរិក ដែលគ្រោងធ្វើនៅក្នុងខែមករាខាងមុខនេះ នៅពេលដែលលោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ទីភ្នាក់ងារញូវយ៉កថែមស៍ បាននិយាយទៀតថា ការស្ថាបនាផ្នែកជញ្ជាំងដែលលាតសន្ធឹងប្រហែល ៤០០ម៉ាយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កំពុងត្រូវបានបង្កើនល្បឿនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែនេះមុនពេលឈានមកដល់នូវការបើកសម្ពោធឆ្នាំថ្មី ឆ្នាំ ២០២១ ។
ការរាយការណ៍នេះបានចោទប្រកាន់ថា ក្រុមបំផ្ទុះគ្រាប់របស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានធ្វើការយ៉ាងលឿននៅលើភ្នំPeloncillo ដែលស្ថិតក្នុងភូមិសាស្រ្តដ៏អាក្រក់។
ដោយឡែកលោក Bill McDonald អាយុ ៦៨ឆ្នាំ ជាអ្នកចិញ្ចឹមសត្វ និងជាអតីតសមាជិកគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតឱ្យលោក បៃដិន កាលពីក្នុងខែវិច្ឆិកាកន្លងទៅនេះ បាននិយាយថា៖ «ច្រករបៀងរបស់សត្វព្រៃ ទីតាំងបុរាណវិទ្យា និងប្រវត្តិសាស្រ្ត កំពុងត្រូវបានបំផ្ទុះដើម្បីបំភ្លេចចោល ឬដើម្បីបំផ្លាញរួចអស់ទៅហើយ។ សោកនាដកម្ម គឺជាពាក្យដែលខ្ញុំប្រើដើម្បីពិពណ៌នាអំពីវា»។
អន្លង់ទឹក Guadalupe Canyon ដែលជាជម្រកសត្វបក្សីដ៏កម្រ ក៏នឹងក្លាយជាកម្មវត្ថុនៃភាពវឹកវរស្រដៀងគ្នានេះដែរនៅក្នុងខែនេះ ខណៈដែលក្រុមការងារកំពុងបញ្ចេញគ្រឿងផ្ទុះចូលទៅក្នុងច្រាំងថ្មចោទជារៀងរាល់ថ្ងៃ។
អ្នករិះគន់គោលនយោបាយបានព្រមានថា ជ្រលងភ្នំ គឺនៅឆ្ងាយណាស់ដែលច្រកឆ្លងកាត់ដោយជនអន្តោប្រវេសន៍ដែលជាគោលបំណងនៃការធ្វើជញ្ជាំងព្រំដែននេះដើម្បីរារាំង ដែលមានលក្ខណៈមិនគួរឱ្យជឿរួចទៅហើយនៅក្នុងតំបន់។
លោកស្រី Diana Hadley ជាប្រវត្ដិវិទូដែលមានគ្រួសារជាអ្នកចិញ្ចឹមសត្វមានទីតាំងស្ថិតនៅផ្នែកខ្លះនៃអន្លង់ទឹក Guadalupe Canyon បាននិយាយថា «នេះមិនមែនគ្រាន់តែជាការខូចចិត្តប៉ុណ្ណោះទេ តែវាជារឿងដែលគ្មានន័យបន្តិចទាល់តែសោះ»។
ទាក់ទិនបញ្ហានេះ អ្នកគាំទ្រលោក ដូណាល់ ត្រាំ ក៏បានអះអាងថា ជញ្ជាំងព្រំដែន គឺជាការការពារដល់សហគមន៍ និងបង្កើនសន្តិសុខដែលផ្តល់សេវាការពារព្រំដែនដើម្បីតម្រង់ទិសដៅឆ្លងកាត់ខុសច្បាប់នៅតំបន់ផ្សេងៗទៀត៕ដោយ៖ស តារា