ភ្នំពេញ៖ មេដឹកនាំហុងកុង លោកស្រី ការី ឡាំ ត្រូវបានសមាជិកសភាច្រើនជាង ១៥០រូប ដែលមកពី ១៨ប្រទេស បានអំពាវនាវឲ្យលោកស្រីជួយធ្វើអន្តរាគមន៍លើសំណុំរឿងប្រជាជនហុងកុងចំនួន១២នាក់។ ខណៈដែលពួកគេត្រូវបានអាជ្ញាធរចិន ចាប់ឃុំខ្លួននាពេលឆ្លងសមុទ្រទៅកោះតៃវ៉ាន់ ដើម្បីសុំសិទ្ធិជ្រកកោននយោបាយ ក្រោយច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមាន។
សូមជម្រាបថា កាលពីខែសីហាកន្លងទៅ ប្រជាជនហុងកុងចំនួន ១២នាក់ ដែលប៉ុនប៉ងរត់គេចទៅកាន់កោះតៃវ៉ាន់ ដើម្បីទទួលបានសិទ្ធិជ្រកកោណនយោបាយ ត្រូវបានអាជ្ញាធរចិននៃខេត្តគ័ងតុង ចាប់ខ្លួនក្នុងអំឡុងពេលជិះទូកទៅតៃវ៉ាន់។ ក្នុងចំណោមនោះ មានយុវជនម្នាក់វ័យ ១៦ឆ្នាំ។ ភាគច្រើននៃអ្នកទាំងនោះ ត្រូវបានតុលាការហុងកុង ចោទប្រកាន់ពីបទល្មើសមួយចំនួន ទាក់ទិននឹងបាតុកម្ម ប៉ុន្តែត្រូវដោះលែងឲ្យនៅក្រៅឃុំ។
ជាក់ស្តែងអាជ្ញាធរចិន ថ្មីៗនេះបានចោទប្រកាន់សមាជិកមួយចំនួន ក្នុងចំណោមអ្នកទាំង ១២នាក់នេះ ពីបទឆ្លងព្រំដែនខុសច្បាប់ និងការរៀបចំឆ្លងព្រំដែនខុសច្បាប់។ ក្នុងបទល្មើសនេះ ពួកគេអាចជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ។
ដោយឡែកជុំវិញនឹងបញ្ហាខាងលើ សមាជិកសភាច្រើនជាង ១៥០រូប មកពី ១៨ប្រទេស បានសរសេរដាក់លិខិត ឲ្យលោកស្រី ការី ឡាំប្រធានប្រតិបត្តិហុងកុង ជួយអន្តរាគមន៍លើប្រជាជនហុងកុងទាំង ១២នាក់នេះ ដើម្បីធានាថាអ្នកទាំងនោះទទួលបានយុត្តិធម៌។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា សមាជិកសភា បានអំពាវនាវទៅលោកស្រី ឡាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងតួនាទីរបស់អ្នកជាប្រធានប្រតិបត្តិ គឺសំខាន់ណាស់ ក្នុងការអន្តរាគមជួយប្រជាជនក្មេងៗរបស់ខ្លួន ដោយធានាថា អ្នកទាំងនោះនឹងទទួលបានយុត្តិធម៌»។ សមាជិកសភាបន្ថែមថា ប្រសិនបើមេដឹកនាំហុងកុង មិនអាចជួយបានទេ វាហាក់ដូចជាលោកស្រីបានបោះចោលការទទួលខុសត្រូវរបស់ខ្លួនក្នុងការបម្រើប្រជាជន និងការធានាពីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនផងដែរ។
គួរបញ្ជាក់ថា លោកស្រីការី ឡាំ កន្លងមកធ្លាប់បានលើកឡើងថា ហុងកុង មិនមានមូលដ្ឋានច្បាប់ ក្នុងការការពារ អ្នកទាំង១២រូប ដែលត្រូវបានចិនចាប់ខ្លួនឡើយ ព្រោះអ្នកទាំងនោះ បានប្រព្រឹត្តខុសច្បាប់របស់ចិនដីគោក។ អ្នកទាំងនោះក៏ត្រូវកាត់ទោស និងឃុំខ្លួននៅចិនផងដែរ។
បច្ចុប្បន្នតៃវ៉ាន់ បានក្លាយជាដែនដីមួយសម្រាប់ប្រជាជនហុងកុង ដើម្បីជ្រកកោននយោបាយ។ ក្នុងពេលច្បាប់សន្តិសុខជាតិហុងកុងដែលត្រូវបានអនុម័តដោយគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានចូលជាធរមាននៅដើមកក្កដា តៃវ៉ាន់ ក៏បានបើកសម្ពោធការិយាល័យមួយ ដើម្បីជួយប្រជាជនហុងកុង ឲ្យទទួលបានសិទ្ធិជ្រកកោននយោបាយនៅតៃវ៉ាន់ផងដែរ៕ដោយ៖ស តារា