ខេត្តកំពង់ឆ្នាំង៖ ដីព្រៃឈើក្នុងដែនអភិរក្សជំរកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចចម្ការម៉ុច ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ប្រមាណ១០ហិកតា ត្រូវបានគេលួចឈូសឆាយយកដីធ្វើជាកម្មសិទ្ធ និងប្រមាណ២០០ហិកតា ទៀតក៏ត្រូវបានគេបោះតំរ៉ុយ និងដាក់ផ្លាកឈ្មោះជាកម្មសិទ្ធអស់ទៅហើយ ដោយមិនខ្លាចមន្ត្រីបរិស្ថាន ដែលនៅឈរជើងការពារតំបន់នោះឡើយ។
ប្រភពព័ត៌មានបានរាយការណ៍ឱ្យដឹងថា ដីព្រៃជច្រើនហិចតានៅក្នុងភូមិសាស្ដ្រភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស កំពុងត្រូវបានក្រុមមនុស្សខិលខូចមួយចំនួន បាននាំគ្នាឈូសឆាយ និងព័ទ្ធយកធ្វើជាកម្មសិទ្ធិ ដោយសុទ្ធតែមានបោះបង្គោលដាក់ឈ្មោះ ហាក់ពុំខ្លាចច្បាប់បន្ដិចឡើយ។
ប្រភពដដែលបានបន្ដឱ្យដឹងថា រាល់ថ្ងៃគេឃើញមានគ្រឿងចក្រជាច្រើនគ្រឿង កំពុងតែមមាញឹក ឈូសឆាយទន្ទ្រានដីព្រៃក្នុងតំបន់ខាងលើ។ លើសពីនេះទៀត ក្រុមជនខិលខូចទាំងនោះថែមទាំងបានគំរាមសមត្ថកិច្ចមិនឱ្យប៉ះពាល់គ្រឿងចក្ររបស់ពួកគេទៀតផង។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុងអ្នកយកព័ត៌មាន បានចុះទៅថតរូបភាពនៅក្នុងតំបន់ខាងលើនេះ និងបានឃើញថា ព្រៃឈើមួយមចំនួនត្រូវបានគេកាប់ដួលរលំ មួយចំនួនកំពុងដុតបំផ្លាញ និងដីព្រៃមួយចំនួនទៀតបានកំពុងត្រូវបានគេឈូសឆាយពង្រាបដីវាលអស់ទៅហើយ។ ដោយឡែកក៏ឃើញមានគ្រឿងចក្រ៤គ្រឿងកំពុងឈូសកកាយប្រព័ន្ធប្រឡាយទឹកដែលបង្ហូរចុះពីភ្នំចូលមកដីរបស់ពួកគេ។
ករណីនេះ លោក បឿ ប៊ុនថន នាយកគ្រប់គ្រងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា លោកបានស្រាវជ្រាវដឹងថា អ្នកឈូសឆាយដីនៅទីនោះឈ្មោះ លី ស៊ិន ហៅសឿន ភេទប្រុស អាយុ៦០ឆ្នាំ និងឈ្មោះ ប៉ក់ រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គេទាំង២នាក់បានប្រើប្រាស់គ្រឿងចក្រ៤គ្រឿងមានអេស្កាវាទ័រ១គ្រឿង អាប៊ុល១គ្រឿង និងត្រាក់ទ័រ២គ្រឿង បានលួចចូលឈូសឆាយដីព្រៃនៅតំបន់ដែនជំរកសត្វនេះរយៈពេល១ខែមកហើយ លើផ្ទៃដីប្រមាណ១០ហិកតា និងបានឈូសផ្លូវទទឹង៥ម៉ែត្រ បណ្តោយប្រមាណជាង២ពាន់ម៉ែត្រ និងបានបំផុសអោយពលរដ្ឋទៅកាប់បំផ្លាញព្រៃ ក្នុងដែនជំរកចាប់យកដីលក់អោយពួកគេប្រមាណជាង២រយហិកតាថែមទៀត។ មិនតែប៉ុណ្ណោះ ពួកគេបានបិទស្ទឹងស្រែទៀក ដើម្បីបង្វែរទឹកអោយហូរចូលមកដីរបស់គេឈូសឆាយ ដែលការបិទក្បាលទឹកស្ទឹងចំណុចនេះ បានធ្វើអោយប៉ះពាល់ដល់ប្រជាកសិករជាច្រើនពាន់គ្រួសារក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរដែលរស់នៅអាស្រ័យទឹកស្ទឹងនេះ។
លោកបឿ ប៊ុនថន បន្ថែមថា ចំណែកឈ្មោះ លី ស៊ិន ជាអ្នកឈូសឆាយដីធ្លាប់ត្រូវបានមន្ត្រីជំនាញ ហៅមកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះជាច្រើនលើកមកហើយ ប៉ុន្តែគេមិនស្តាប់ឡើយព្រមទាំងគំរាមប្រមាថសមត្ថកិច្ចផ្តាំផ្ញើតាមរយៈប្រជាពលរដ្ឋទៀតផងថា រឿងនេះគេនឹងទៅជួបលោកអភិបាលខេត្ត លោករដ្ឋមន្ត្រីក្រសួងបរិស្ថានពេលណាក៏បានដែរ ដោយគេមិនខ្លាចញញើតមន្ត្រីជំនាញនៅតំបន់នោះឡើយ។
លោក នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់ថា លោកបានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិដ្ឋាន ក្នុងពេលថ្មីៗនេះរួចហើយ ដើម្បីសុំកិច្ចអន្តរាគមន៍។
ចំណែក លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុសនៅ បានឱ្យដឹងថា ចំពោះព័ត៌មាននេះលោកទើបតែទទួលបានពីមន្ត្រីការពារដែនអភិរក្សជំរកសត្វព្រៃភ្នំឱរ៉ាល់ដែរ ហើយនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៦ លោកបានចាត់តាំងលោកអភិបាលរងស្រុកម្នាក់ដឹកនាំក្រុមការងារ ចុះទៅស្រាវជ្រាវអោយបានច្បាស់លាស់ជុំវិញករណីខាងលើនេះសិន ដើម្បីមានវិធានការណ៍ទប់ស្កាត់កុំអោយមានការឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្តទៀត។ ប៉ុន្តែប្រសិនអ្នកឈូសឆាយនោះនៅតែរឹងទទឹងមិនស្តាប់អាជ្ញាធរស្រុក នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងអោយឡើយ។
ដោយឡែកអ្នករងការចោទប្រកាន់ថាបានឈូសឆាយដីព្រៃ ឈ្មោះ លី ស៊ិន និងឈ្មោះ ប៉ក់ មិនអាចសុំការបំភ្លឺបានទេ ដោយពេលក្រុមការងាររបស់ស្រុក និងក្រុមសារព័ត៌មានចូលទៅរកជួបគាត់មិននៅ និងពុំមានលេខទូរសព្ទ័ទាក់ទងសួរនាំឡើយ៕
ដោយ៖ វិបុល