សហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អឺរ៉ុបផងដែរបានព្រមានប្រទេសចិនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា ចាំបាច់ត្រូវតែគោរពសវនាការរបស់តុលាការអន្តរជាតិដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះពាក់ព័ន្ធសំណុំរឿងជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសហ្វីលីពីន ។
ប្រទេសចិនបានទាមទារស្ទើរតែទាំងមូល តំបន់សមុទ្រចិនខាងត្បូងថា ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនគ្រប់គ្រង ហើយបានប្រកាសជំទាស់មិនគោរពតាម ឬចូលរួមសវនាការតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ បើទោះបីទីក្រុងប៉េកាំងធ្លាប់ផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីច្បាប់សមុទ្រជាមូលដ្ឋានយ៉ាងណាក៏ដោយ ។
លោកស្រី Amy Searight ជំនួយការឧបរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍បានថ្លែងថា សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ព្រមទាំងសម្ពន្ធមិត្តរបស់ខ្លួនរួចជាអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើឲ្យជាក់ច្បាស់ថា ការសម្រេចយ៉ាងណារបស់តុលាការនោះ ប្រទេសចិនត្រូវតែគោរពតាម បើទោះបីថា ចិនបានចាញ់ក្តីក៏ដោយ ។
លោកស្រី Searight បានថ្លែងថា នេះជាសារមួយផ្ញើទៅកាន់ប្រទេសចិន ។ ប្រសិនបើចិនមិនគោរពលទ្ធផលកាត់ក្តីជាអវិជ្ជមាននោះ យើងទាំងអស់គ្នាអាចនឹងជំរុញឲ្យចិនគោរព ។
តុលាការទីក្រុងឡាអេគ្មានអំណាចនៅក្នុងការអនុវត្តសេចក្តីសម្រេចរបស់ខ្លួននោះឡើយ ហើយការកាត់ក្តីរបស់តុលាការនេះអាចត្រូវបានប្រងើយកន្តើយជាមុន ។ ទីក្រុងម៉ានីលបានអះអាងថា តុលាការនេះអាចចេញសេចក្តីសម្រេចមួយ នៅមុនខែឧសភា ឆ្នាំ២០១៦ ។
ប្រទេសចិនបាននិងកំពុងមានជម្លោះដែនអធិបតេយ្យនៅសមុទ្រចិនភាគខាងត្បូង ជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន ក្នុងនោះមានប្រទេសហ្វីលីពីនជាដើម ។
លោក Klaus Botzet ប្រធានកិច្ចការនយោបាយរបស់ប្រតិភូសហគមន៍អឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៊ីនបានបញ្ជាក់ថា វាមានការលំបាកខ្លាំងណាស់ ក្នុងការជំទាស់បដិសេធន៍ចំពោះមតិអន្តរជាតិ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត