ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជុំវិញបឹងក្រចាប់ ស្ថិតក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលទទួលរងផលប៉ះពាល់ដោយសារការចាក់ដីលប់បឹង បាននាំគ្នាចោទប្រកាន់ថា លោកស៊ុយ គឹមលី ដែលគេស្គាល់ថា ជាប្រធានក្រុមហ៊ុនអ៊ឹង ស៊ុយគឹមលី ឌីវែលុបមិន អ៊ីមផត អ៊ិចផង ថាជាអ្នកបញ្ជាឲ្យចាក់ដីលុបបឹងនេះ។
ប្រជាពលរដ្ឋបានលើកឡើងថា ពីដើមឡើយ ពួកគាត់ជាច្រើនគ្រួសារ តែងទទួលផលពីបឹងនោះ ដូចជាទឹកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពផលដំណាំកសិកម្មទៀតផង។ ប៉ុន្តែពេលថ្មីៗនេះ បឹងក្រចាប់នេះត្រូវបានគេចាក់ដីលុបជាបណ្ដើរៗ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីកង្វះទឹកដែលពួកគាត់ត្រូវប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើបឹងនេះត្រូវបានគេចាក់ដីលុប។
ប្រជាពលរដ្ឋក៏បានលើកចំៗឈ្មោះអ្នកដែលបញ្ជាឲ្យចាក់ដីលុបបឹងនេះទៀតថា ឈ្មោះ ស៊ុយ គឹមលី ដែលជាប្រធានក្រុមហ៊ុនអ៊ឹង ស៊ុយគឹមលី ឌីវែលុផមិនអ៊ីមផត អ៊ិចផត ក្នុងគោលបំណងដើម្បីយកផ្ទៃដីនោះជាកម្មសិទ្ធផ្ទាល់ខ្លួន សម្រាប់ប្រយោជន៍សួនតួ ដោយមិនខ្វល់ពីផលលំបាកដែលប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅវេទនានោះឡើយ ហើយក៏មិនឃើញមានអាជ្ញាធរពាក់ព័ន្ធណាចេញមុខមកមើល ទប់ស្កាប់នោះទេ ដែលករណីនេះ ពួកគាត់បានចោទប្រកាន់ថា អាជ្ញារមុខជាត្រូវថ្នាំ ទទួលបានលាភសក្ការៈហើយបានជាសំងំស្ងៀម ដូចមិនដឹងរឿងអីបែបនេះ។
ទាក់ទងករណីនេះនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅពេលដែលមានការសាកសួរ លោក ស៊ុយ គឹមលី បានបង្វែរសំនួរ ឲ្យទៅសួរប្រជាពលរដ្ឋវិញ ក្នុងបំណងបដិសេធមិនអត្ថាធិប្បាយរឿងចាក់ដីលុបបឹងនេះ ។
ដោយឡែក លោក សំ ហុន មេឃុំកំពង់សឹង បានថ្លែងថា បឹងនោះជាបឹងមានម្ចាស់ ហើយម្ចាស់គេបានលក់មួយផ្នែកទៅឲ្យលោក ស៊ុយ គឹមលី ។ លោកបន្ថែមថា កាលពីប៉ុន្មានថ្ងៃមុន មន្ត្រីជំនាញពីថ្នាក់ខេត្ត និង ស្រុក ក៏ធ្លាប់បានចុះមកត្រួតពិនិត្យ រកមូលហេតុដែរ តែដោយបានដឹងរឿងហើយ ក៏ស្ងាត់ទៅវិញទៅ។
គួររំលឹកថា តាមច្បាប់រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្ទៃសមុទ្រ ទន្លេ និង បឹងបួរ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែបើទោះជាដូច្នេះក្ដី ចំពោះការអនុវត្តនាពេលបច្ចុប្បន្នវិញ គេកត់សម្គាល់ឃើញថា មានផ្ទៃបឹងមួយចំនួន បានក្លាយទៅជាកម្មសិទ្ធឯកជនជាបន្តបន្ទាប់ របស់អ្នកមានលុយ និងមានអំណាច។ ចំណែកអាជ្ញាធរដែលអ្នកគ្រប់គ្រង ក៏សូវឃើញមានចេញមុខ ការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ម្នាក់ៗចេះតែឆ្លើយដោះសារយកលេសដាក់គ្នាទៅវិញទៅមក ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ និងជាអ្នកដែលទទួលផលពីផ្ទៃបឹង បួរទាំងនេះ ជួបការលំបាកជាខ្លាំង៕