ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារ លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា ចំនួន ៣០នាក់់ ចុះព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀច ដែលមានអ្នកមកពិនិត្យជំងឺ ប្រមាណ ២០០នាក់ រួមមាន ជំងឺទូទៅ ជងឺមាត់ធ្មេញ និងព្យាបាលចលនាសាច់ដុំ។
ជាមួយគ្នានោះដែរ ក្រុមការងារឃុំព្រាល ក៏បានដឹកជញ្ជូនប្រជាពលរដ្ឋចាស់ជរា និងពិការ នៅតាមបណ្តាភូមិក្នុងឃុំព្រាល ចំនួន ៣៧នាក់ ទៅពិនិត្យព្យាបាលនៅសាលាស្រុក។ ចំណែកពលរដ្ឋ ២នាក់ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកំចាយមារ ដោយបានជួយចេញប័ណ្ណក្រីក្រ និងឧបត្ថម្ភថវិកា ១៥០.០០០រៀល។
ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា នឹងបន្តទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ៕ សុខ ខេមរា