ប្រទេសថៃ៖ បើយោងតាមប្រភពព័ត៌មានពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃប្រាប់ឱ្យដឹងថាៈរហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ អាជីវករខ្មែរប្រមាណ៥០ភាគរយនៅតែបន្តបិទតូប មិនបើកប្រកបអាជីវកម្មវិញនៅឡើយនោះទេពួកគាត់នៅមានការភ័យរអាខ្លាចរងការបង្រ្កាបពីសមត្ថកិច្ចថៃពាក់ព័ន្ធនិងលក់ទំនិញក្លែងម៉ាកខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា ។
សេចក្តីរាយការ ណ៍ឱ្យដឹងទៀតថានៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះគេឃើញសមត្ថកិច្ចថៃជាច្រើននាក់បានចុះមកដល់ផ្សាររ៉ុងក្លឿដើម្បីត្រួតពិនិត្យនិងរកបង្រ្កាប ទន្ទឹមនឹងអាជីករខ្មែរបានបិទតូបអស់ ធ្វើ ឱ្យសមត្ថកិច្ចថៃមិនអាចរកការបង្រ្កាបបាន។ ការបិទតូបមិនប្រកបអាជីវកម្មពីសំណាក់អាជីករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃ ជាប់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគឺគេមើល ឃើញថាចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ក្រោយអាជ្ញាធរនិង សមត្ថកិច្ចថៃបានបើកកិច្ចប្រជុំដាក់វិធានការតឹងរឹងដើម្បីបង្រ្កាបទៅលើអាជីករខ្មែរលក់ទំនិញក្លែងម៉ាកខុសច្បាប់ក្នុងរយៈពេល២ខែឱ្យអស់ជាស្ថាពរក្នុងផ្សាររ៉ុងក្លឿនោះ។សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាជីវករខ្មែរមួយចំនួនចាប់ផ្តើមបញ្ចេញទំនិញដែលហាមឃាត់ខុសច្បាប់ពីផ្សាររ៉ុងក្លឿជាបណ្តើរៗនោះហើយ ក្រោយពីសមត្ថកិច្ច ថៃនៅផ្សារ៉ុងក្លឿបានជូនដំណឹងដល់អាជីវករខ្មែរឱ្យបញ្ឈប់ការលក់ទំនិញខុសច្បាប់។ ស្ថាន ភាពនៅក្នុងផ្សាររ៉ុងក្លឿនៅពេលនេះត្រូវគេរាយការណ៍ឱ្យដឹងថាមានភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតាក្រោយពីកើតព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាប៉ះទង្គិចដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលសមត្ថកិច្ចថៃចុះបង្រ្កាប ទំនិញក្លែងម៉ាក ខុស ច្បាប់នៅផ្សាររ៉ុងក្លឿនោះ។ បើតាមប្រភពព័ត៌មានពីអាជីវករខ្មែរនៅ ផ្សារ រ៉ុងក្លឿប្រាប់ឱ្យដឹងថា បច្ចុប្បន្ននៅផ្សាររ៉ុងក្លឿគឺមានអាជីវករខ្មែរ ប្រកបមុខរបរជួលតូបធ្វើអាជីវកម្មនៅទីនោះប្រមាណ៩០ភាគរយទៅហើយទៅនិងចំនួនតូបសរុបក្នុងផ្សាររ៉ុងក្លឿមានជាង៣ពាន់តូប មានន័យថាតូបដែលអាជីវករខ្មែរកំពុងបិទតូបមានប្រមាណជាង១ពាន់តូប។
ជុំវិញបញ្ហាដែលអាជីវករខ្មែរបិទតូបមិនប្រកបអាជីវកម្មបើតាមប្រភព័ត៌មានពីអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ លោក ប៊ុន សុខវិបុល បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ នេះថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានចុះទៅជួបអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ អនុវត្តតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចុះទៅអប់ណែនាំអប់រំដល់អាជីវករខ្មែរ បញ្ឆប់ការលក់ទំនិញក្លែងម៉ាកខុសច្បាប់រំលោភកម្មសិទ្ធិកម្មបញ្ហា ដែលធ្វើឱ្យអាជីវករខ្មែរដែល លក់ទំនិញក្លែងម៉ាកខុសច្បាប់ទាំងនោះ រង់ការចាប់ខ្លួននិងរឹបអូសទំនិញក្លែងម៉ាកខុសច្បាប់ ហើយថែមទាំងប្រឈមនិងផ្លូវច្បាប់របស់ប្រទេសថៃទៀតផង។
លោកប្រាប់ឱ្យដឹងទៀតថានៅពេលជួបជាមួយអាជីវករខ្មែរក្រៅផ្លូវការលោកបាននិងកំពុងប្រមូលមតិរិះគន់ផ្សេងៗគ្នាជាដំបូងសិនយើងមិនអាចយកការលើកឡើងរបស់អាជីវករ២ទៅ៣នាក់មកឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពផ្សារទាំមូលបាននោះទេ។
ពាក់ព័ន្ធនិងការចាត់វិធានការរិតបន្តឹងពីសមត្ថកិច្ចថៃទៅលើអាជីវករខ្មែរនៅផ្សារ៉ុងក្លឿ ហើយអាជីវករខ្មែរនៅតែបិទតូបមិនប្រកបអាជីវកម្មបើតាមប្រភពព័ត៌មានពីអាជីវករខ្មែរបានលើកឡើងថាបើសិនសមត្ថកិច្ចថៃនៅតែបន្តចាត់វិធានការបែបនោះការបាត់បង់ផលប្រយោជន៍មិនត្រឹមតែអាជីវករខ្មែរប៉ុណ្ណោះទេគឺម្ចាស់ផ្សារទាំងមួលក៏បាត់បង់ប្រាក់ចំណូលផងដែរហើយផ្សារអាចឈានដល់ក្ស័យធនផងនោះទៀតពីព្រោះថាគ្រាន់តែចំណូលក្នុងមួយខែៗពីការជួលតូបឱ្យអាជីវករខ្មែរមានរហូតដល់រាប់រយលានបាត។នៅផ្សាររ៉ុងក្លឿ៩០ភាគរយសុទ្ធតែអាជីវករខ្មែរកំពុងប្រកបអាជីវកម្ម។
សូមជម្រាបថាជុំវិញការប៉ះដង្គិចគ្នាក្នុងអំពើហិង្សារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿកាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅនេះ មានសេចក្តីរាយការណ៍ពីអាជីវករ ខ្មែរ ប្រាប់ឱ្យដឹងថាយ៉ាងហោចណាស់មានអាជីវករខ្មែរចំនួន៩នាក់ស្ថិតក្នុងបញ្ជីខ្មៅនៃការស្វែងចាប់ខ្លួនពីសមត្ថកិច្ចថៃតាមដីការតុលាការថៃក្រោយពីអាជីវករខ្មែរ៣នាក់ហើយត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាន អនុវត្តតាមផ្លូវច្បាប់របស់តុលាការដាក់ពន្ធនាគារ២នាក់ និងដាក់នៅ ក្រៅឃុំ១នាក់ ក្រោមការធានាបង់ប្រាក់។
ពាក់ព័ន្ធនិងការស្វែងរកចាប់ខ្លួនអាជីវករខ្មែររហូតដល់៩នាក់នោះ បើយោងតាមការបំភ្លឺ ពីលោកអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រាប់ឱ្យដឹងថាលោកមិនបានទទួលព័ត៌មានពីអាជ្ញាធរថៃប្រាប់មកលោកថាអំពីដីការបស់តុលាការថៃស្វែងរកចាប់ខ្លួនអាជីវករខ្មែរទាំង៩នាក់នោះទេ៕សំវិច្ឆិកា