ភ្នំពេញ៖នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានី ភ្នំពេញទាំងអស់ជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែល បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិត នៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ PEDRO ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្រសួងសុខាភិបាលស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំងពីរខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។
ទទួលបានសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា