បវរកញ្ញាថៃ ៣០នាក់ ខណៈកំពុងនាំគ្នាដើរលើស្ពានយោលបណ្ដាលឲ្យដាច់ធ្លាក់ស្រះទឹក (វីដេអូ)

ចែករំលែក៖

អន្តរជាតិ៖ បវរកញ្ញាថៃ ចំនួន៣០នាក់ ខណៈកំពុងនាំគ្នាដើរលើស្ពានយោលបណ្ដាលឲ្យដាច់ស្ពានធ្លាក់ចូលស្រះទឹក បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ នៅរមណីដ្ឋានមួយកន្លែង ស្ថិតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។

ជាក់ស្តែងបើយោងតាមវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា បវរកញ្ញាទាំងអស់ បានស្លៀកនូវឈុតសំម្លៀកបំពាក់ដូចគ្នា ដោយមានពាក់របាំងមុខការពារវីរុសកូរ៉ូណា និងមួកការពារកម្ដៅព្រះអាទិត្យទៀតផង។ ខណៈពេលកំពុងដើរសន្សឹមៗ និងឈរជាពីរជួរនៅលើស្ពានយោលដើម្បីថតរូប ភ្លាមនោះស្រាប់តែស្ពានដាច់ ដែលបណ្ដាលឲ្យបវរកញ្ញាស្ទើរតែទាំងអស់ធ្លាក់ចូលទៅក្នុងស្រះទឹកតែម្ដង។

សូមជម្រាបថា ក្នុងហេតុការណ៍នេះដែរ បានធ្វើឲ្យបវរកញ្ញាចំនួន៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានបវរកញ្ញាម្នាក់ បានដាច់រលាត់ក្បាល និងជាំថ្ងាស ហើយបវរកញ្ញា២នាក់ទៀត បានរងរបួសស្រាល ដោយសារត្រូវបង្គោលស្ពានធ្លាក់ចំ។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបវរកញ្ញាដែលរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញដែរ។

ជាមួយគ្នានេះលោក Worapot Chatkanjana ដែលជាម្ចាស់កម្មវិធីបវរកញ្ញា បានចំណាយប្រាក់៥សែនបាត (ប្រមាណ១៦,៧០០ដុល្លារអាមេរិក) ទៅលើថ្លៃព្យាបាល និងសម្រាប់ថ្លៃសម្លៀកបំពាក់ទៅដល់បវរកញ្ញាដទៃទៀតផងដែរ។ ចំពោះដើមហេតុដែលធ្វើឲ្យមានហេតុការណ៍ខាងលើនេះកើតឡើង ត្រូវបានគេជឿជាក់ថា ស្ពានយោលដាច់ គឺបណ្ដាលមកពីស្ពានមិនទ្រទ្រង់ទម្ងន់មនុស្សបានច្រើនឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

https://youtu.be/hmAAil-OD5c

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print