អន្តរជាតិ៖ ក្រោយពេលរកឃើញករណីកូវីដ-១៩ ជាច្រើនករណីនៅភាគខាងត្បូងទីក្រុងឆឹងទូ ខេត្តស៊ីឈួន នៅថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរចិន បានធ្វើតេស្តមនុស្សចំនួន២សែន៥ម៉ឺននាក់ ។ ខណៈការធ្វើតេស្តទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីប្តីប្រពន្ធចំណាស់មួយគូមានផ្ទុកជំងឺកូវីដ-១៩។
បើតាមអាជ្ញាធរសុខាភិបាល នៅថ្ងៃទី៧ ធ្នូកន្លងទៅ រកឃើញថាផ្ទុកជំងឺកូវីដ-១៩ ជាលើកដំបូងដែលឈានទៅដល់ការធ្វើតេស្តទ្រង់ទ្រាយធំនៅ គឺនៅក្រោយពេលប្តីប្រពន្ធមួយគូ។ ក្រោយមក មន្ត្រីសុខាភិបាលបានស្វែងរកអ្នកដែលប៉ះពាល់ជាមួយបុគ្គលខាងលើ ក៏ដូចជាយកម្ហូបអាហារទៅធ្វើតេស្ត។ មន្ត្រីសុខាភិបាលក្រុងឆឹងទូ អះអាងថា ខ្លួនរកឃើញវត្តមានវីរុសជំងឺកូវីដ-១៩ នៅម្ហូបដែលដាក់ក្នុងទូទឹកកក ក៏ដូចជាលើជ្រុញហាន់របស់អ្នកទាំពីរ។
បើយោងតាមទីភ្នាក់ងារព័ត៌មានAFP បាននិយាយនៅថ្ងៃទី៨ ធ្នូមន្ត្រីទីក្រុងឆឹងទូ បានធ្វើតេស្តកូវីដ-១៩លើមនុស្សចំនួន២៥៥,២០០នាក់ដោយរកឃើញមនុស្សចំនួន៦នាក់ផ្ទុកជំងឺកូវីដ-១៩ ដែលក្នុងនោះមានមួយករណីដែលមិនបញ្ចេញរោគសញ្ញា។ ក្រោយមានករណីថ្មីនេះភ្លាមសាលារៀន និងមត្តេយ្យក្នុងសង្កាត់ដែលអ្នកឆ្លងជំងឺរស់នៅត្រូវបិទទ្វា ខណៈសិស្ស និងគ្រូបង្រៀនត្រូវនៅដាច់ដោយឡែកផងដែរ។
អាជ្ញាធរសុខាភិបាលក្នុងក្រុងឈីងតៅ កាលពីដើមខែតុលាកន្លងទៅ ក៏បានធ្វើតេស្តមនុស្សចំនួនជាង៩លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ក្រោយមានការផ្ទុះករណីឆ្លងនៅក្នុងមន្ទីរពេទ្យមួយ។ ចំណែកឯកាលពីចុងខែតុលាវិញ ចិនក៏បានធ្វើតេស្តប្រជាជនចំនួន៤,៧លាននាក់ផងដែរក្រោយស្ត្រីម្នាក់ឆ្លងជំងឺនេះ និងបានធ្វើការក្នុងរោងចក្រកាត់ដេរនៅឯក្រុង Kashgar ខេត្តស៊ីនជាំង។
ជំងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះដំបូងក្នុងក្រុងវូហាន ប្រទេសចិន។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនគ្រប់គ្រងករណីឆ្លងជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយមិនមាននដល់២០ករណីផងក្នុងមួយថ្ងៃ។អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនះ អាជ្ញារធរ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយចិនតែងអះអាងថាប្រជាជនខ្លួនឆ្លងជំងឺកូវីដ-១៩ពីអាហារវេចខ្ចប់ដែលនាំចូលពីបរទេស។
ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ មន្ត្រីក្រុងធៀនជីន បានបញ្ជាក់ថា ករណីឆ្លងក្នុងទីក្រុងមានប្រភពមកពីអាហារដែលនាំចូលពីតំបន់អាមេរិកខាងជើង ដោយអះអាងថា ប្រភេទជំងឺកូវីដ-១៩នេះស្រដៀងទៅនឹងប្រភេទនៅតំបន់អឺរ៉ុប និងអាមេរិក។ ចំពោះរឿងនេះអង្គការសុខភាពពិភពលោក (WHO) អះអាងថា មិនទាន់មានភស្តុតាងដែលមនុស្សអាចឆ្លងជំងឺនេះពីអាហារ ឬអាហារវេចខ្ចប់ឡើយ។
គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៨ ធ្នូ ចិនមានករណីឆ្លងសរុបចំនួន៨៦,៦៦១ករណី ជាសះស្បើយចំនួន៨១,៧៤៣ករណី និងស្លាប់ចំនួន៤,៦៣៤នាក់៕ដោយ៖ស តារា