ក្រុមមហ៊ុនដីឡូតិ៍ខ្យល់យីហោ (B.I.D) ត្រូវជនរងគ្រោះម្នាក់ទៀតហើយ ចេញមុខបកអាក្រាត ក្រោយដឹងថាចាញ់បោក

ចែករំលែក៖

ខេត្តកោះកុង៖ បើតាមការអះអាងពីនារីម្នាក់ឈ្មោះ មួន ណាមាស អាយុ២៧ឆ្នាំ បានអះអាងចេញមុខនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា ខ្លួនបានចាញ់ក្រុមហ៊ុនដីឡូតិ៍ខ្យល់យីហោ (B.I.D) ដែលមានឈ្មោះ បាន បញ្ញា ជាអគ្គនាយក បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា៖ សមត្ថកិច្ចខេត្តកោះកុង កំពុងតាមចាប់ខ្លួនជនឆបោកទាំង៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ (B.I.D) ដែលបានបោកប្រាស់ប្រជាពលរដ្ឋជាង៧០គ្រួសារ ស្មើនឹងទឹកប្រាក់ប្រមាណ១លានដុល្លារ ចំពោះការលក់ដីឡូតិ៍ជាង១០០ឡូតិ៍ តែគ្មានដីឡូតិ៍ប្រគល់ជូនអតិថិជននោះទេ ហើយបានរត់គេចខ្លួនបាត់ស្រមោល។

នារីរងគ្រោះ បានអះអាងបន្ថែមថា នឹងដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ដើម្បីទាមទារប្រាក់មកវិញ បន្ទាប់ពីរូបគេទើបបានបង់ប្រាក់ចំនួន៦ខែប៉ុណ្ណោះ ដោយក្នុង១ខែចំនួន១៥០ដុល្លារ។

ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១១ ខែធ្នូនេះដែរ បានថ្លែងថា ជនរងគ្រោះទាំងអស់ អាចធ្វើការទាមទារ និងប្តឹងផ្តល់ទៅតាមនីតិវិធីច្បាប់ និងសូមជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ច។

គួររំលឹកថា ប្រជាពលរដ្ឋជាង៧០គ្រួសារ ដែលមានទឹកប្រាក់ស្មើនឹងទឹកប្រាក់ប្រមាណ១លានដុល្លារ បានចាញ់បោកក្រុមហ៊ុនដីឡូតិ៍ខ្យល់(B.I.D) ក្នុងការលក់ដីឡូតិ៍ជាង១០០ឡូតិ៍ តែគ្មានដីណាប្រគល់ជូនអតិថិជននោះទេ ហើយបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នសមត្ថកិច្ចតាមចាប់ខ្លួនជនឆបោកទាំងនេះ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង។

សូមជម្រាបថា ជនឆបោកទាំង៣នាក់ ដែលជាប់ពាក់ព័ន្ធក្រុមហ៊ុនដីឡូតិ៍ខ្យល់ (B.I.D) រួមមាន៖ ទី១. ឈ្មោះ បាន បញ្ញា ភេទប្រុសអាយុ២៨ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ដីឡូតិ៍ខ្យល់ (B.I.D), ទី២. ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន ដីឡូតិ៍ខ្យល់ (B.I.D) និងទី៣. ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ។

ជាមួយគ្នានេះ តុលាការបានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កងកម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គលខាងលើនេះ ចូលមកបង្ហាញខ្លួន ដើម្បីអនុវត្តនីតិវិធីច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ជនឆបោកទាំង៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ (B.I.D) ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង ចេញដីកាបញ្ជាឲ្យចូលខ្លួន នៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យបានមុនថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីអំឡុងខែកុម្ភ ឆ្នាំ២០២០៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print