ភ្នំពេញ៖ កម្មវិធីមហោស្រពគីហ្សូណាជប៉ុនកម្ពុជាឆ្នាំ២០១៦បានប្រារព្ធធ្វើឡើងរដូវកាលថ្មីម្តងទៀតក្រោមការរៀបចំពីសំណាក់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ពិធីនេះត្រូវបាន បើ កកាលពីរាត្រីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមវត្តមានមន្ត្រីរដ្ឋាភិបាលកម្ពុជា និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងមហាជនយ៉ាងច្រើនកុះករ។
កម្មវិធីសំខាន់ៗដែលផុសឡើងនាពិធីមហោស្រពនេះមានការរាំរបាំជប៉ុនអាវ៉ាអូដូរី ការសម្តែងក្បាច់រាំស្ទ្រីតដេនដ៍អស្ចារ្យដោយក្រុមMar Skills Styler &(GOLD RUSH)។ ការប្រកួតកំពូលជើងឯកសម្រៀងណូដូជីម៉ាន់ ការប្រកួតប្រជែងសម្លៀកបំពាក់យូកាតានៅកម្ពុជាឆ្នាំ២០១៦។ មានកម្មវិធីការសាកល្បងបត់ក្រដាស និងរៀបចំផ្កាបែបជប៉ុន កម្មវិធីពន្យល់ណែនាំស្តីពីការសិក្សានៅប្រទេសជប៉ុន។ សិក្ខាសាលាស្តីពី«ក្បាច់រាំដោយGOLD RUSH»។ កម្មវិធីល្បែងប្រាជ្ញាសប្បាយស្តីពីជប៉ុននិងកម្ពុជា។កម្មវិធីភ្លក់រសជាតិម្ហូបសារ៉ាយសមុទ្រ។ កម្មវិធីភាពយន្តឯកសារស្តីពី«ការប្រគំតន្ត្រីរំលឹកខួបកំណើត២០០ឆ្នាំតន្ត្រីករMiller។កម្មវិធីការស្លៀកពាក់បែបតុក្កតាជប៉ុនខូលផ្លេខូឡិចសិននៅរាជធានីភ្នំពេញ និងកម្មវិធីសាកល្បងសម្លៀកបំពាក់យូកាតាជាមួយនិងម៉ូដសក់ជប៉ុនព្រមទាំងមានបណ្តាកម្មវិធីជាច្រើនទៀតដែលគេអាចចូលរួមដោយសេរី។
ថ្លែងក្នុងពិធីបើកនេះលោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មហោស្រពនេះដើម្បីផ្លាស់ប្តូរបទពិសោធន៌វប្បធម៌ដ៏ស្រស់បំព្រងក៍ដូចជាសមិទ្ឋផលនានាក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការណ៍រវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។ លោកបន្តថាមហោស្រពគីហ្សូណាគឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ដ៍សំខាន់ប្រមូលផ្តុំនូវសិល្បករសិល្បការិនី យុវជន និងយុវនារីដែលមានចំណងចំណូលចិត្តរាំច្រៀងលេងតូរ្យតន្ត្រីនិងភ្លក់រសជាតិអាហារផ្សេងៗ។ លោកបញ្ជាក់ថានេះជាឱកាសដ៍ល្អសម្រាប់សិល្បករទាំងអស់នៃប្រទេសទាំង២ដែលមិនត្រឹមតែអាចបញ្ចេញនូវទេពកោសល្យរបស់ខ្លួនឲ្យទស្សនិកជនទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីន្តរទំនាក់ទំនងវប្បធម៌។ លើសពីនេះថែមទៀតតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ដ៍សម្បូរបែប ព្រឹត្តិការណ៍នេះជួយឲ្យយើងទាំងអស់គ្នាយល់កាន់តែច្បាស់អំពីតម្លៃវប្បធម៌របស់យើងរៀងៗខ្លួនដែលតម្លៃទាំងនេះបានវិវត្តន៍តាមពេលវេលាដ៍យូរលង់ក្លាយជាធាតុផ្សំនៃជីវភាពដ៍រស់រវើក និងអរិយធម៌នៃប្រទេសទាំង២។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ចាប់តាំងពីចាប់ផ្តើមមហោស្រពនេះតាំងពីឆ្នាំ២០១២មហោស្រពគីហ្សូណាបានក្លាយទៅជាព្រឹត្តិការណ៍ដ៍ជោគជ័យមួយដែលត្រូវបានចារិកក្នុងប្រតិទិនវប្បធម៌របស់កម្ពុជារំលេចឡើងនូវទិដ្ឋភាពវប្បធម៌ដ៍សម្បូរបែប។ដោយសារកិច្ចខិតខំអស់ពីកម្លាំងកាយចិត្តរបស់សិល្បករទាំងអស់មហោស្រពនេះបាននាំឲ្យយើងនិងសិល្បករទាំងអស់មកជួបជុំគ្នាម្តងទៀតដើម្បីបានទស្សនាការសម្តែងតន្ត្រីសម័យសម្លៀកបំពាក់ប្រពៃណីនិងភ្លក់អាហារ។ ជាពិសេសក្នុងកម្មវិធីឆ្នាំនេះក្រុមសិល្បៈដ៍ល្បីមួយពីប្រទេសជប៉ុនត្រូវបានអញ្ជើញឲ្យមកចូលរួមសម្តែងរបាំ«AWA ODORI»ដែលជាពិធីបុណ្យដ៍ធំរបស់ប្រទេសជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កន្លងមកប្រទេសជប៉ុននិងកម្ពុជាមានឆន្ទៈយ៉ាងមុតមាំចំពោះការការពារ និងអភិរក្សក៍ដូចជាការលើកកម្ពស់បេតិកភណ្ឌវប្បធម៌។ ជប៉ុនគឺជាដៃគូដ៍សំខាន់របស់កម្ពុជាហើយនៅក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា។ ជាក់ស្តែងស្ថាប័នដៃគូជប៉ុននិងកំពុងអនុវត្តន៍គម្រោងរបស់ខ្លួននៅប្រាសាទសំខាន់នានាដូចជាប្រាសាទអង្គរវត្ត បា្រសាទបាយ័ន ប្រាសាទបន្តាយក្តី និងប្រាសាទព្រះវិហារជាដើម។ សមិទ្ឋិផលរបស់ស្ថាប័នដៃគូជប៉ុនតាមរមនីយដ្ឋានទាំងនេះពិតជាវិសេសវិសាលគួរឲ្យកត់សម្គាល់។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមដៃគូនាំមុខគេរបស់កម្ពុជា៕
ដោយ៖ វឌ្ឍនា