ក្រុមបាតុករថៃ នៅឆ្នាំ២០២១ខាងមុខនេះ! នឹងត្រលប់ទៅធ្វើការតវ៉ា បាតុកម្មជាថ្មីម្តងទៀត

ចែករំលែក៖

អន្តរជាតិ៖បើតាមការបញ្ជាក់របស់មេដឹកបាតុករថៃម្នាក់បានអះអាងថា៖ នៅឆ្នាំ២០២១ខាងមុខនេះ! ក្រុមបាតុករ នឹងត្រលប់ទៅធ្វើការតវ៉ាជាថ្មីម្តងទៀត ខណៈបាតុកម្ម ដែលមានសមាសភាពមួយធំជាយុវជន នឹងផ្អាកការតវ៉ាមួយរយៈនេះ។ ជាក់ស្តែងចាប់តាំងតែពីខែកក្កដាកន្លងទៅ ​​ក្រុមបាតុករបានជួបជុំគ្នាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង ទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចព្រះមហាក្សត្រ

មេដឹកនាំបាតុកររូបនេះ គឺលោក Arnon Nampa និយាយថា ឆ្នាំ២០២០គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ លោកថាក្រុមបាតុករនឹងសម្រាកមិនធ្វើបាតុកម្មអំឡុងពេលចូលឆ្នាំសាកល ប៉ុន្តែលោកអះអាងថា នៅឆ្នាំ២០២១ខាងមុខបាតុកម្មនឹងមានសភាពខ្លាំងក្លាជាមុន និងមានអ្នកចូលរួមច្រើនជាងមុនផងដែរ

មេដឹកនាំបាតុកររូបនេះ ថ្លែងបែបនេះក្រោយពេលចេញពីប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីលោករងបទចោទមួយថ្មីទៀតពីការប្រមាថមហាក្សត្រ មហា ជិរាលង្ករណ៍ មកទល់ពេលនេះមានបាតុករយ៉ាងហោចណាស់១២រូប រងបទចោទនេះ បាតុករថៃ កាលពីសប្តាហ៍មុន ទាមទារឲ្យរដ្ឋាភិបាលលុបចោលមាត្រានេះចេញពីក្រមព្រហ្មទណ្ឌថៃ

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri  បាននិយាយថា បាតុករអាចជួបជុំនៅឆ្នាំក្រោយបាន បើសិនជាបាតុកម្មអហិង្សា លោកអះអាងថា គ្រប់ភាគីទាំងអស់អាចនឹងរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយបាន នេះបើតាមទីភ្នាក់ងារព័ត៌មានReuters​

សូមជម្រាបថា ចាប់ផ្ដើមពីខែកក្កដា បាតុករជាយុវជនទាមទារឲ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង ដោយអះអាងថា លោករៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៩ ដើម្បីអាចបន្តកាន់អំណាចបាន ក្នុងការបោះឆ្នោតសភាឆ្នាំ២០១៩ បក្សរបស់លោកប្រាយុទ្ធ ពុំទទួលបានសម្លេងភាគច្រើនដាច់ខាតក្នុងរដ្ឋសភាថៃឡើយ ប៉ុន្តែលោកទទួលតំណែងនេះ ដោយសារការជ្រើសរើសនាយករដ្ឋមន្ត្រី មានការចូលរួមបោះឆ្នោតពីសមាជិកព្រឹទ្ធសភាដែលជ្រើសតាំងដោយក្រុមយោធា

មិនតែប៉ុណ្ណោះ បាតុករថៃ ក៏ទាមទារផងដែរឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្តីព្រាងច្បាប់របស់អង្គការ iLaw ដែលត្រូវបានហៅថា «​សេចក្តីព្រាងប្រជាជន​» គាំទ្រដោយមនុស្សជាងសែននាក់ ត្រូវបានសភាថៃបដិសេធក្នុងការបោះឆ្នោតក្រោយពីបានអានចប់សព្វគ្រប់នៅថ្ងៃទី១៨ ខែវិច្ឆិកា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញថាមានលក្ខណៈប្រជាធិបតេយ្យ កែប្រែរដ្ឋធម្មនុញ្ញសឹងតែទាំងអស់ និងទាមទារឲ្យមានកំណែទម្រង់របបរាជានិយមផ្ទុយពីសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល និងបក្សប្រឆាំងដែលអនុម័តដោយសភា តែរក្សាជំពូកស្តីពីរបបរាជានិយមនៅដដែល

គួរបញ្ជាក់ថា ចំពោះរបបរាជានិយមថៃ ក្រុមបាតុករ ទាមទារឲ្យមហាក្សត្របោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ដែលតាមការប៉ាន់ស្មានមានតម្លៃពី៣០ពាន់លានទៅ៤០ពាន់លានដុល្លារ បន្ថែមពីនេះ បាតុករក៏ទាមទារផងដែរឲ្យព្រះមហាក្សត្រ ឈប់កាន់កាប់អង្គភាពកងទ័ពខ្លះដែរ អង្គភាពទ័ពនោះត្រូវបានបាតុករអះអាងថា ធ្លាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សាដើម្បីបំបែកការជួបជុំនយោបាយក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print