មេដឹកនាំ​អា​មេ​រិ​ក​ចុះហត្ថលេខា​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​របប​មេដឹកនាំ​កូរ៉េ​ខាងជើង​

ចែករំលែក៖

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ប្រឆាំង​ទៅ​លើ​កូរ៉េ​ខាងជើង​ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​បង្ករឿង​ដោយ​សកម្មភាព​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ។​

​សេត​វិមាន​បាន​ប្រកាស​ថា​ លោក​អូ​បា​ម៉ា​ បាន​ចុះហត្ថលេខា​លើ​វិធាន​ដែល​អនុម័ត​ដោយ​សភា​ ដើម្បី​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ទាំងឡាយ​ណា​ ឬ​ប្រទេស​ណាមួយ​ដែល​នាំ​ទំនិញ​ ឬ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​អាវុធ​មហា​ប្រល័យ​លោក​ចូល​ទៅ​កាន់​កូរ៉េ​ខាងជើង​ និង​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចូលរួម​ដឹង​ឮ​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាងជើង​ ។​

លោក​ Josh​ Earnest​ អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​ថ្លែង​នៅ​មុន​ពេល​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ ចុះហត្ថលេខា​ថា​ «​រដ្ឋបាល​មានការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ពាក់ព័ន្ធ​សកម្មភាព​កូរ៉េ​ខាងជើង​ និង​ការ​បង្ករឿង​របស់​គេ​កាលពី​អំឡុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​»​ ។​ លោក​បន្ត​ថា​ សេត​វិមាន​សង្ឃឹមថា​ ការ​បន្ថែម​ទណ្ឌកម្ម​នេះ​នឹង​មាន​ប្រសិទ្ធភាព​គាបសង្កត់​ទៅ​លើ​កូរ៉េ​ខាងជើង​ ។​ នេះ​ជា​គោលបំណង​របស់​សភា​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​បាន​ចែករំលែក​ ។​

​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ផង​ដែរ​ក៏​បន្ថែម​ទៅ​លើ​ការ​បង្កក​ប្រាក់​ដែល​មាន​រួច​ហើយ​ទៅ​លើ​របប​ដឹកនាំ​កូរ៉េ​ខាងជើង​ របស់​លោក​គី​ម​ ជុង​អ៊ុ​ន​នោះ​ ហើយ​ច្បាប់​នេះ​ទៀត​សោត​ ក៏​ជា​ការ​កាត់​បន្ថយ​ការ​លាង​លុយខ្មៅ​ និង​ការ​ជួយ​ដូរ​គ្រឿងញៀន​ ដែល​សកម្មភាព​ទាំង​២​នេះ​ត្រូវ​គេ​ជឿជាក់​ថា​ បាន​ធ្វើ​ឲ្យ​របប​ដឹកនាំ​កូរ៉េ​ខាងជើង​ទទួល​បាន​លុយរាប់​លាន​ដុល្លារ​នោះ​ ។​

​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើ​ឲ្យ​ពិភពលោក​ញាប់​ញ័រ​ជា​ខ្លាំង​កាលពី​ខែមករា​ ឆ្នាំ​២០១៦​កន្លង​មកនេះ​ និង​បាន​ទទួល​រង​ការ​ស្តីបន្ទោស​ជា​សាកល​ បន្ទាប់​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ប្រកាស​ថា​ ខ្លួន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់បែក​ធុន​ទំនើប​ប្រភេទ​ Hydrogen​ ។​

​កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ កន្លង​ទៅ​នេះ​ កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ ។​ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​លោក​ខាងលិច​មើលឃើញ​ថា​ ជា​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​រំលោភ​លើ​ច្បាប់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ មិនមែន​ជា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នោះ​ឡើយ​ ។​

​ស្ថិត​នៅ​ក្រោម​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ គឺ​មានការ​ដាក់​ព័ន្ធ​ និង​ទណ្ឌកម្ម​ផ្សេងៗ​ ក្នុង​នោះ​មាន​ទាំង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ផង​ដែរ​ ការ​បដិសេធន៍​ផ្តល់​ទិដ្ឋាការ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ជាដើម​ ។​

​លោក​ Bob​ Corker​ ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​កិច្ចការបរទេស​របស់​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ថ្លែង​ថា​ ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ មុន​ដំបូង​គឺ​បង្កើត​បណ្តាញ​ការងារ​មួយ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ ដើម្បី​ឆ្លើយ​តប​ទៅ​លើ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ពី​កូរ៉េ​ខាងជើង​ ៕

image

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print