ភ្នំពេញ,លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតអបអរសាទរ ជូនចំពោះ សិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ “ជាប់ជាស្ថាពរ ។
ក្នុងនោះលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា, ខ្ញុំសូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យ “ជាប់ជាស្ថាពរ” ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុក អភិវឌ្ឍន៍ទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ ពិចារណាចាប់យកការសិក្សា ជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹង បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អនិងបានចំណូលខ្ពស់ សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្នុងខណៈដែលរាជរដ្ឋាភិបាលក៏កំពុងរៀបចំគោលនយោបាយពាក់ព័ន្ធមួយចំនួន ដើម្បីនាំកម្ពុជាចូលទៅក្នុង
យុគសម័យថ្មីនៃរដ្ឋាភិបាលនិងសេដ្ឋកិច្ចឌីជីថល។ ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ, សិលា