ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះនូវរូបភាព ទេសភាពដ៏ស្រស់ស្អាតលើខ្នងភ្នំ(ភ្នំខ្នងផ្សារ) ជាមួយនឹងសកម្មភាព ដែលលោកបានធ្វើដំណើរទៅកាន់ទីនោះផងដែរ។ បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំធ្លាប់តែឃើញបងប្អូន ទៅលេងនៅភ្នំខ្នងផ្សារនៅដែលកំពុងទទួលបានភាពល្បីល្បាញ ក្នុងចំណោមតំបន់ទេសចរអេកូធម្មជាតិជាច្រើនទៀតនៅខេត្តកំពង់ស្ពឺ ហើយខ្ញុំក៏មានក្តីរំភើបចិត្តជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនោះដែលខ្ញុំបានឃើញលើបណ្តាញសង្គម។
លោកបានលើកឡើងថា ពិតប្រាកដណាស់ យើងលឺគេថាច្រើនដង មិនដូចយើងបានសាកល្បង និងទៅទស្សនាដោយខ្លួនឯងផ្ទាល់នោះឡើយ។ ថ្មីៗនេះ ខ្ញុំបានសម្រេចបេសកកម្មឡើងទៅដល់លើកំពូលភ្នំខ្នងផ្សារ។ បេសកកម្មក្នុងការឡើងលើកំពូលភ្នំនេះ មិនជាពិបាកពេក ហើយក៏មិនងាយស្រួលពេកនោះដែរ។ មកដល់លើកំពូលភ្នំខ្នងផ្សារ ខ្ញុំកាន់តែមានមោទនភាពសម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយសារភ្នំខ្នងផ្សារមានទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់ដែលខ្ញុំបានក្រឡេកភ្នែកដល់ អមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធានាថាតំបន់ទេសចរធម្មជាតិខ្នងផ្សារនេះ ពិតជាធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយអារម្មណ៍ជាក់ជាមិនខាន។
លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរនូវពាក្យយ៉ាងខ្លីនឹងមានន័យបំផុតថា”កម្ពុជាស្រស់ស្អាតណាស់ (ខ្នងផ្សារ -កំពង់ស្ពឺ)”៕
ដោយ៖ សិលា