ខេត្ដកំពង់ឆ្នាំង ៖ នៅក្នុងទីរួមខេត្តកំពង់ងឆ្នាំង នាពេលបច្ចុប្បន្ននេះត្រូវបានប្រជាពលរដ្ឋ រិះគន់ចំពោះសណ្តាប់ធ្នាប់សាធារណៈ ដែលមានរថយន្តធុនធំមួយចំនួនកំពុងតែដឹកដោយឥតសណ្តាប់ធ្នាប់ ផ្ទុកសំពីងសំពោង ហួសកម្រិតកំណត់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដែលអាចបង្កហានិភ័យនានាដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍តាមផ្លូវ ។ ប្រជាពលរដ្ឋបានលើកឡើងថា បើទោះបីជាមានការដឹកសំពីងសំពោងមានកម្ពស់ខ្ពស់ និង ហៀរចេញមកក្រៅទ្រុងក៏ដោយ តែគេមិនដែលឃើញប៉ូលិសចរាចរណ៍បានយកចិត្តទុកដាក់ ទប់ស្កាត់នោះទេ ប៉ុន្តែបែរជាគេឃើញប៉ូលិសចរាចរណ៍មួយចំនួនឈរស្ទាក់ចាំកាក់យកលុយពី រថយន្ត ដឹកសំពីងសំពោងនោះទៅវិញ ដោយពុំបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់នោះទេ ។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងចាស់ដៃចំពោះនគរបាលចរាចរណ៍ដែលបានត្រឹមតែបើកភ្នែកធំៗសំឡឹងមើលរថយន្ដទាំងនោះ ប៉ុន្ដែពុំមានការបង្ក្រាបឬហាមឃាត់ម្ដងណាសោះ ។ ពួកគាត់ លើកក្ដីព្រួយបារម្ភថា ការដឹកសំពីងសំពោងបែបនេះអាចនឹងបង្កគ្រោះថ្នាក់ ច្រើនណាស់ដូចជាដាច់ខ្សែធ្លាក់ទំនិញ ប៉ះពាល់ដល់អ្នកដែលធ្វើដំណើរតាមដងផ្លូវជាមួយគ្នាឬក៏ទំនិញធ្ងន់ពេកបោករថយន្ដធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រង រថយន្ដបានត្រឹមត្រូវតាមបច្ចេកទេស និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ ព្រោះពួកគាត់សង្កេតឃើញថា ពេលខ្លះគាត់ឃើញទំនិញលើរថយន្ដមានការផ្អៀងផ្អងស្ទើរតែដាច់ធ្លាក់ម្ដងៗ ។ លើសពីនេះទៀតពេលខ្លះរថយន្ដបានរេពេញផ្លូវដោយសារតែដឹកធ្ងន់ពេកយោលរថយន្ដអ្នកបើកបរមិនអាចទប់ចង្កូតនឹង ។ ករណីនេះប្រជាពលរដ្ឋ បានសំណូមពរដល់សមត្ថកិច្ចជំនាញ ពិសេសលោកឈឹម សារុន ដែលនាយការិយាល័យចរាចរណ៍ថ្មី មេត្តាជួយរឹតបន្ដឹងការអនុវត្ដច្បាប់ចរាចរណ៍ឱ្យបាន ជាក់លាក់ចំពោះរថយន្ដគ្រប់ប្រភេទ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា និង ការកាត់បន្ថយហានីយភ័យ ដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ ពិសេសការស្ទាក់រថយន្តដឹកសំពីងសំពោងកាក់យកលុយពីរថយន្តទាំំងនោះ៕ ចន្ថា
រថយន្តដឹកសំពីងសំពោងនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ូលិសចរាចរណ៍ធ្វើមិនដឹង មិនឮ
...